ថៃដាក់ពង្រាយនាវា និងឧទ្ធម្ភាគចក្រស្វែងរកទាហានម៉ារីន ៣៣នាក់បាត់ខ្លួន ក្នុងហេតុការណ៍លិចនាវាចម្បាំងមួយគ្រឿង
បាងកក៖ យោធាថៃបានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ក្នុងថ្ងៃចន្ទនេះ ដើម្បីតាមស្វែងរកទាហានម៉ារីន ៣៣នាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីនាវាចម្បាំងមួយគ្រឿងលិចនៅតំបន់ឈូងសមុទ្រថៃ។
នាវាចម្បាំង HTMS Sukhothai គឺជានាវាចម្បាំងផលិតដោយសហរដ្ឋអាមេរិក ហើយថៃបានប្រើនាវាចម្បាំងនេះ តាំងតែពីឆ្នាំ១៩៨៧មក។ នាវាចម្បាំងនេះត្រូវបានរលកសមុទ្រធំៗវាយប្រហារយ៉ាងខ្លាំងរហូតដល់លិច។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ។ ភ្លាមៗយោធាថៃបានបញ្ជូននាវាចម្បាំង៣គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿងទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត ប្រជួបគីរីខន្ធ ស្ថិតនៅភាគខាងត្បូងទីក្រុងបាងកក ។
ចំណែកក្រុមអ្នកជួយសង្រ្គោះបានចាប់ផ្ដើមធ្វើប្រតិបត្តិការទាំងយប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះដែរ នៅក្រោមអាកាសធាតុអាក្រក់ និងជួយសង្រ្គោះមនុស្ស៧៣នាក់ ក្នុងចំណោម១០៦នាក់ ដែលនៅលើនាវចម្បាំងខាងលើនេះ ខណៈដែលមនុស្ស៣៣នាក់ទៀតកំពុងបន្តបាត់ខ្លួន៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា


