ក្រសួងទេសចរណ៍បើកិច្ចពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ដើម្បីរក មធ្យោបាយទាក់ទាញទេសចរចិន

ភ្នំពេញ៖ ក្រសួងទេសចរណ៍បើកកិច្ចពិភាក្សាជាមួយអ្នក ពាក់ព័ន្ធ ដើម្បីរកមធ្យោបាយទាក់ទាញទេសចរចិន។ កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ ការលើកកម្ពស់គុណភាពការផ្តល់សេវាកម្ម ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរចិន ដែលដឹកនាំដោយតំណាង ក្រសួងទេសចរណ៍កម្ពុជា និងកុងស៊ុលចិនប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២។

សិក្ខាសាលាពិគ្រោះយោបល់នេះមានការចូលរួមពីសំណាក់ប្រតិបត្តិករទេសចរណ៍ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត ប្រមាណ ២០០ នាក់។

ក្រសួងទេសចរណ៍បញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា សិក្ខាសាលានេះធ្វើឡើង ក្រោមមូលនិធិពិសេសនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡាងឆាង។

ប្រភពដដែលបន្តថា ៖«សិក្ខាសាលា រៀបចំឡើងស្របពេល វេលានឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករ ទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេស ភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា»។

ក្រសួងទេសចរណ៍បន្ថែមថា ក្រោមនយោបាយវ៉ាក់សាំង របស់ រាជរដ្ឋាភិបាល កម្ពុជាបានឈានដល់ការបើកសកម្មភាព សេដ្ឋកិច្ច សង្គម និងទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មី ឡើងវិញ ហើយការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ នេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍នៅតាម គោលដៅ ទេសចរណ៍។

ក្រសួងទេសចរណ៍បញ្ជាក់៖ « តាមរយៈសិក្ខាសាលា នេះ នឹង មិនត្រឹមតែចូលរួមដល់ការបណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យ ទេសចរណ៍ ឱ្យកាន់តែមានសមត្ថភាពនៅក្នុងការផ្តល់សេវាកម្ម ជូនភ្ញៀវទេសចរ ថែមទាំងជាផ្នែកមួយដ៍សំខាន់នៃការចូលរួម និងភាពជាដៃគូជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធាន មនុស្សក្នុងវិស័យទេសចរណ៍»។

ទោះជាយ៉ាងណាក្ដីគោលនយោយបាយកូវីដសូន្យរបស់ចិនបានប៉ះពាល់មួយផ្នែកធំដល់កំណើនទេសចរណ៍ប្រទេសក្នុងតំបន់រួមទាំងកម្ពុជាផង។កាលពីខែកក្កដាសម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងថា បើសិនជាប្រទេសចិនដកវិធានការបម្រាម កូវីដ ១៩ឡើងវិញ ភ្ញៀវចិនកាន់តែច្រើននឹងមកកម្សាន្តនៅកម្ពុជា ក្រោមហេតុផលទំនាក់ទំនងល្អនិងជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
សម្តេចតេជោបានបញ្ជាឱ្យភាគីពាក់ព័ន្ធតាមដាននិងវាយតម្លៃជាប្រចាំដើម្បីរៀបចំផែនការទាក់ទាញទេសចរណ៍ពីចិន ពេលដែលចិនផ្ដើមបន្ធូរបន្ថយបម្រាមកូវីដ១៩នាពេលអនាគត។
ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ លោក មាន វ៉ាន់ដេត ថ្លែង ថា៖ «ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារ ឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍ សមត្ថភាព អ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់និង វិជ្ជាជីវៈខ្ពស់នៅក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរ កម្សាន្តនៅតាមគោលដៅទេសចរណ៍»។

លោកបន្ថែមថា ក្រសួងទេសចរណ៍បានមើលឃើញច្បាស់ ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និង ព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និង វាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍។

របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា គិតចាប់ពី ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបដែលសិក្សាតាមអនឡាញ មានប្រមាណ ៦៩ ៥៩៥ នាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណជាង១,៥លាននាក់នៅឆ្នាំ២០២២នេះ ដោយ ភ្ញៀវចិនក៏ជាភ្ញៀវដ៏មានសក្ដានុពលមួយដែរ ដែលពួក គេមកកម្សាន្តផងនិងរកស៊ីផង៕
ដោយ៖ វណ្ណ ស័ក្ដិ

ads banner