កូរ៉េខាងជើងបញ្ជាក់ពីការសាកល្បងផ្កាយរណបឈ្លបយកការណ៍ ត្រៀមបាញ់បង្ហោះនៅឆ្នាំក្រោយ
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាន រាយការណ៍ នៅថ្ងៃចន្ទទី ១៩ ខែធ្នូ នេះថា កូរ៉េខាងជើងបាន ធ្វើការសាកល្បងផ្កាយឈ្លបយកការណ៍ ក្នុងដំណាក់កាល ចុងក្រោយ និងដ៏សំខាន់ ដើម្បីឱ្យបញ្ចប់ការផលិត ហើយ ត្រៀមបាញ់បង្ហោះនៅត្រឹមខែមេសា ឆ្នាំ ២០២៣។
ការរាយការណ៍នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង និងជប៉ុន បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមចំនួនពីរដើមទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
យោងតាម KCNA រដ្ឋបាលអភិវឌ្ឍន៍លំហជាតិរបស់ទីក្រុង ព្យុងយ៉ាង (NADA) បានធ្វើការសាកល្បងនៅផ្កាយរណបនោះ នៅស្ថានីយបាញ់បង្ហោះផ្កាយរណប Sohae នៅថ្ងៃអាទិត្យ ដើម្បីពិនិត្យមើលសមត្ថភាពរបស់ខ្លួនលើការថតរូបភាពផ្កាយរណប ការបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងនៅលើដី។
អ្នកនាំពាក្យ NADA បានលើកឡើងប្រាប់ KCNA ថា៖ «យើងបានបញ្ជាក់សូចនាករបច្ចេកទេសសំខាន់ៗ ដូចជា បច្ចេកវិទ្យាប្រតិបត្តិការកាមេរ៉ានៅក្នុងបរិយាកាសអវកាស ដំណើរការទិន្នន័យ និងសមត្ថភាពបញ្ជូនឧបករណ៍ទំនាក់ទំនង ដើម្បីតាមដាននិងត្រួតពិនិត្យភាពត្រឹមត្រូវនៃប្រព័ន្ធគ្រប់គ្រងនៅលើដី»។
អ្នកនាំពាក្យដដែលបានហៅការសាកល្បងនេះថាជា ដំណើរ ការចុងក្រោយនៃការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដែលនឹងបញ្ចប់នៅខែមេសា»។
ជាមួយគ្នានឹងសេចក្ដីរាយការណ៍នេះ KCNA បានបញ្ចេញ រូបភាពស-ខ្មៅមិនច្បាស់ពីរ នៃរដ្ឋធានីសេអ៊ូល និង ទីក្រុង កំពង់ផែ Incheon របស់កូរ៉េខាងត្បូង ដោយអះអាងថា រូបថតទាំងពីរនោះត្រូវបានផ្ដិតយកក្នុងអំឡុងពេលបាញ់បង្ហោះផ្កាយរណប។
គួរគូសបញ្ជាក់ថា ការសាកល្បងផ្កាយរណបឈ្លបយកការណ៍ របស់កូរ៉េខាងជើង គឺជាការវិវត្តដ៏សំខាន់មួយសម្រាប់ប្រទេស ឯកោមួយនេះ ហើយវាធ្វើឡើងនៅពេលដែលកូរ៉េខាងជើង ធ្វើការ បាញ់សាកល្បងមីស៊ីលផ្លោងក្នុងកម្រិត និងល្បឿនមួយ ដែលមិនធ្លាប់មានពីមុនមក រួមទាំងការបាញ់មីស៊ីលផ្លោង រំលងប្រទេសជប៉ុន និងមីស៊ីលផ្លោងអន្តរទ្វីបមានសមត្ថភាព ហោះដល់សហរដ្ឋអាមេរិក ដោយផ្គើននឹងទណ្ឌកម្មអន្តរជាតិ៕
ដោយ៖ហួន ឌីណា
ប្រភព៖ North Korea confirms ‘important’ spy satellite test for April launch