សម្ដេចតេជោ ហ៊ុន សែន គាំទ្រនូវការស្នើររបស់ទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា ចំពោះគម្រោងកែច្នៃសម្រាម ទៅជាថាមពល
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រនូវការស្នើររបស់ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចំពោះគម្រោងកែច្នៃសម្រាមទៅជាថាមពល។

ការគាំទ្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម PARK Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចប់អាណត្តិប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ឯកឧត្តម PARK Heung-Kyeong បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។
ឯកឧត្តម PARK Heung-Kyeong ក៏បានគោរពសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ និងមន្ត្រីរាជការ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ញ៉ាំងឱ្យបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ទទួលបានជោគជ័យ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កាន់តែរីកចម្រើនឡើងថែមទៀត ជាពិសេសតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសកូរ៉េ និងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េ មកកម្ពុជា, ការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេស ដំណើរការឆ្លងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិយក្សត្រ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម PARK Heung-Kyeong បានគោរពសុំការគាំទ្រអំពីសម្ដេចតេជោ នូវគម្រោងកែច្នៃសម្រាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូត, រដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយបានសំដែងការរីករាយជាមួយនឹងសមិទ្ធផលធំៗដែលកម្ពុជាទទួលបានពីទំនាក់ទំនងល្អកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ស្ពានមិត្តភាពកម្ពុជាកូរ៉េ ជាសារបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា និងកូរ៉េ។

ចំពោះករណីគម្រោងកែច្នៃសំរាម ទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខាមនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រហើយបានជូនឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការជាបន្តជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញផងដែរ ។

ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម PARK Heung-Kyeong សូមទទួលបានជោគជ័យក្នុងបេសកកម្មរបស់ឯកឧត្តមបន្តទៀតនៅថ្ងៃអនាគត ៕ ដោយ វណ្ណលុក