សម្ដេចតេជោ ហ៊ុន សែន៖ សិទ្ធិរស់រានមានជីវិត គឺសំខាន់បំផុតសម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រានមានជីវិតទេ ពុំចាំបាច់និយាយពីសិទ្ធិអ្វីផ្សេងទៀតទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សិទ្ធិរស់រានមានជីវិត គឺសំខាន់បំផុតសម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រានមានជីវិតទេ នោះក៏ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងឱកាសអនុញ្ញាតអោយ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ឯកឧត្តម Pablo Kang បានសម្ដែងនូវក្ដីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម Pablo Kang បានមានប្រសាសន៍ថា ទោះបីបេសកកម្មការទូតរបស់ឯកឧត្តម ស្ថិតក្នុងកំលុងពេលមានជំងឺកូវីដ 19 ក៏ដោយ ឯកឧត្តម បានចូលរួមចំណែកធ្វើការមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការជំរុញ ការផ្ដល់វ៉ាក់សាំង ឧបករណ៍រក្សាវ៉ាក់សាំង លើវិស័យដោះមីន ការបង្កើតអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី វិស័យការពារជាតិការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ានអូស្ត្រាលី ។

ក្នុងឱកាសនោះដែរ ឯកឧត្តម Pablo Kang ក៏បានគោរពសម្ដែង នៅការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន ហើយក៏បានថ្លែងអំណរគុណផងដែរជូនចំពោះ ឯកឧត្តម Pablo Kang ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈអ្វីដែលបានលើកឡើងខាងដើម រួមទាំងវិស័យកសិកម្មផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ទាំងវ៉ាក់សាំង ឧបករណ៍ថែរក្សាវ៉ាក់សាំង ដល់កម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា ជំនួយនេះ ពិតជាសំខាន់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ19 ដែលជាឃាតករកំបាំងមុខ មិនឱ្យសម្លាប់ប្រជាជនកម្ពុជា ។ សិទ្ធិរស់រានមានជីវិត គឺសំខាន់បំផុត សម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រានមានជីវិតទេ នោះក៏ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតដែរ ។ ការអនុញ្ញាតឲ្យចុះចតកប៉ាល់ Westerdam ជាសក្ខីភាពដែលកម្ពុជា ចាត់ទុកសិទ្ធិរស់រានមានជីវិតសំខាន់ជាងអ្វីៗទាំងអស់ ប្រសិនបើកម្ពុជា មិនអនុញ្ញាតឲ្យកប៉ាល់ Westerdam ចុះចតទេនោះ មិនដឹងជាវាសនាប្រជាជននៅលើកប៉ាល់នោះ ទៅជាយ៉ាងណា នៅពេលដែលប្រទេសជាច្រើន មិនឱ្យកប៉ាល់នោះចុះចត ។

ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម Pablo Kang សូមឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មនៅថ្ងៃអនាគត ៕ ដោយ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner