រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានបៃតង (Green Financing)

ភ្នំពេញ៖ «កម្ពុជាមានលទ្ធភាពពេញលេញដែលអាចទទួលបានហិរញ្ញប្បទានបៃតង(Green Financing) ពីមូលនិធិអាកាសធាតុបៃតង(GCF)»។ នេះជាថ្លែងរបស់ឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានបៃតង នៅទីស្ដីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយហិរញ្ញប្បទានបៃតង និងចែករំលែកអំពីនីតិវិធីទៅដល់អង្គភាព/ស្ថាប័នដទៃទៀតដូចជាគ្រឹះស្ថានហិរញ្ញវត្ថុជាដើម ក្នុងការទទួលបានជាអង្គភាពទទួលបានមូលនិធិផ្ទាល់(Accredited Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្ពុជា ស្ថិតក្នុងស្ថានភាពដែលអាចទាញយកហិរញ្ញប្បទានបៃតងនេះពីពិភពលោក ដើម្បីមកប្រើប្រាស់បម្រើដល់ប្រយោជន៍សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងន័យធានាបានការអភិវឌ្ឍដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា កត្តាសំខាន់ៗដែលកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង រួមមាន៖ ១)កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC), ២)កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិពីភាពជោគជ័យក្នុងការ លើកកម្ពស់សុខភាពប្រជាជន លើកម្ពស់ការអប់រំស្ដីពីការប្រែប្រួលអាកាសធាតុ និងជាពិសេស ជាដៃគូដ៏សំខាន់គ្រប់ជ្រុងជ្រោយនៅលើឆាកអន្តរជាតិ, និង៣)កម្ពុជា បានដាក់ជូន «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ទៅលេខាធិការដ្ឋានUNFCCC ដូចដែលលោកប្រធានាធិបតីបារាំង Emmanuel Macron បានអបអរសាទរ និងកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះ អាចសម្រេចទៅបានដរាបណាប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាកត្តាស្នូលរបស់កម្ពុជា និងពិភពលោកទាំងមូល។

សូមបញ្ជាក់ថា អង្គភាពដំបូងគេនៅកម្ពុជាដែលបានទទួលបានមូលនិធិផ្ទាល់(Accredited Entity) ពីមូលនិធិអាកាសធាតុបៃតងនៅកម្ពុជាគឺ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប – NCDD)។

គួរឱ្យដឹងដែរថា មូលនិធិអាកាសធាតុបៃតង(GCF) ត្រូវបានអនុម័តជាយន្តការហិរញ្ញវត្ថុនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលលើកកម្ពស់ការអភិវឌ្ឍន៍ដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ ៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner