៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ២ម៉ឺននាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៤ពាន់៨៧៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុប រយៈពេល ៣ថ្ងៃ ដូចគ្នា កាលពីសប្តាហ៍មុន ។

តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយះពេលបីថ្ងៃមកនេះ មានចំនួន ១ម៉ឺន ៧ពាន់ ៣៥៤ករណី ដែលឆ្លងលើប្រទេសចំនួន ៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ថៃ, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែល ដែលមាន ចំនួន ៣ពាន់ ៥៤៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ៣៤ករណី ។ ប្រទេសព្រុយណេ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៩១នាក់ ក្នុងនោះប្រទេសថៃ មានមនុស្សស្លាប់ចំនួន ១១៣នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៥លាន ៤៦ម៉ឺន ៥ពាន់ ៧៥៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៤ពាន់ ១៨៤នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៥៧លានករណី, និងការស្លាប់មានជាង ៦លាន ៦៧ម៉ឺន នាក់។

ads banner