លោក សំ សុខយី៖ ជំរុញអោយសិក្ខាកាម ផ្តោតសំខាន់លើ ៤ចំនុច ដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឆ្ពោះទៅស៊ីហ្គេម

ភ្នំពេញ៖ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានលើកទឹកចិត្តដល់សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ជម្រុញអោយសិក្ខាកាម ផ្តោតសំខាន់លើ៤ចំនុច និងរក្សាទំនាក់ទំនងល្អជាមួយជំនាញការអន្ដរជាតិ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាស្វែងយល់បន្ថែមពីចំណុចខ្វះខាត ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ការជម្រុញនេះ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាល ក្រោមគម្រោងសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខាងលើ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ នៅទីស្នាក់ការ NOCC ដោយមានសិក្ខាកាមចូលរួម ២៧នាក់ និងបង្រៀនដោយគ្រូឧទ្ទេសលោក Aveenash Pandoo មកពីសហព័ន្ធកីឡាលើកទម្ងន់អន្ដរជាតិ។

អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា ក្នុងវគ្គនេះ គ្រូឧទ្ទេសបានធ្វើបទបង្ហាញផ្ដោតសំខាន់លើការអភិវឌ្ឍ សមត្ថភាពបច្ចេកទេស ៤ចំណុច រួមមាន៖

១-គ្រូបង្វឹកកីឡាលើកទម្ងន់ ត្រូវមានចំណេះដឹងលើការគ្រប់គ្រងក្លឹប យល់ដឹងពីសមត្ថភាពកីឡាករ កីឡាការិនី ត្រួតពិនិត្យតាមដានលើការហ្វឹកហាត់របស់គាត់គ្រប់វិនាទី គ្រប់សកម្មភាព មានការកែតម្រូបច្ចេកទេសភ្លាមៗ និងលើកទឹកចិត្តដល់ពួកគាត់ ឲ្យមានការចូលរួម និងមានឆន្ទៈឆ្ពោះទៅរកគោលដៅនៃផែនការ ការប្រកួតជាបន្តបន្ទាប់។

២- គ្រូបង្វឹក ត្រូវចេះរៀបចំកម្មវិធីហ្វឹកហាត់ ផែនការប្រចាំសប្តាហ៍ ប្រចាំខែ ផែនការគោលដៅរយៈពេលវែង មធ្យម និងរយៈខ្លី។
៣-ត្រូវមានសមត្ថភាពក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាករ ការមើលថែពួកគាត់ និងការបង្ការរបួសជាដើម។ល។

៤-គ្រូបង្វឹក ត្រូវយល់ពីកម្រិតនៃប្រភេទកីឡារបស់ខ្លួន ជាប្រភេទកីឡាអូឡាំពិក។ ត្រូវរក្សាបាននូវសុវត្តិភាព សុខភាព ការបង្ការ ទប់ស្កាត់មិនឲ្យកីឡាករ កីឡាការិនី ជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង ដែលជាការត្រួតពិនិត្យពី WADA។

ក្រោយចែករំលែកចំណេះដឹងពាក់ព័ន្ធប្រធានបទសំខាន់ៗខាងលើ អ្នកជំនាញអន្ដរជាតិដដែល បានបើកភ្លើងខៀវស្វាគមន៍សិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គនេះ រាល់ពេលមានចម្ងល់ គឺអាចធ្វើការទាក់ទងលោកផ្ទាល់ ដើម្បីសួរនាំបន្ថែម ខណៈលោករីករាយនឹងផ្ដល់នូវព័ត៌មាន ក៏ដូចជាបច្ចេកទេសផ្សេងៗ ពាក់ព័ន្ធនឹងកីឡាលើកទម្ងន់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាមួយនេះ នៅកម្ពុជា។

តាមរយៈនេះ សហព័ន្ធបានលើកទឹកចិត្ត និងជម្រុញឲ្យសិក្ខាកាមទាំងអស់ ត្រូវរក្សាទំនាក់ទំនងល្អនេះ ជាមួយលោក Aveenash Pandoo ដើម្បីអភិវឌ្ឍសមត្ថភាព និងចំណេះដឹងបន្ថែម ឆ្ពោះទៅរកកម្រិតខ្ពស់ សម្រាប់ការងារបណ្ដុះបណ្ដាលកាន់តែមានប្រសិទ្ធភាព ពិសេសការរួមចំណែកផលិតធនធាន ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។ នេះ បើតាមការបញ្ជាក់បន្ថែមរបស់លោក សំ សុខយី។

ជាមួយគ្នា លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានសម្ដែងការសាទរ ចំពោះការបញ្ចប់វគ្គសាមគ្គីអូឡាំពិក ស្ដីពីការបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាលើកទម្ងន់ដោយជោគជ័យ។ លោកសង្ឃឹមថា បន្ទាប់ពីចប់វគ្គនេះ សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ នឹងនាំយកចំណេះដឹង ទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ក៏ដូចជាវិស័យកីឡាលើកទម្ងន់កកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner