ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យ ឯកឧត្តម In Young Lee ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា -សាធារណរដ្ឋកូរ៉េ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា បានអនុញ្ញាតអោយ ឯកឧត្តម In Young Lee ប្រធានប្រតិភូសម្ព័ន្ធសភាកូរ៉េ នៃសាធារណរដ្ឋកូរ៉េ ស្តីពីកុមារ ប្រជាជន និងបរិស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម In Young Lee បានអញ្ជើញគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាកម្ពុជា ចូលរួមសនិ្នសីទស្តីពីការបម្រែបម្រួលអាកាសធាតុ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ដល់សភាប្រទេសក្នុងតំបន់ និងសកលលោក បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំកន្លងមក ដោយសារ កូវីដ១៩ ។ ម្យ៉ាងវិញទៀត ឯកឧត្តមក៏មានគោលបំណងធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។

ជាការឆ្លើយតប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តម In Young Lee ប្រធានប្រតិភូសម្ព័ន្ធសភាកូរ៉េ នៃសាធារណរដ្ឋកូរ៉េ ស្តីពី កុមារ ប្រជាជន និងបរិស្ថាន ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរ ក៏ដូចជាសភាទាំងពីរ សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបន្តថា ជំនួបនេះជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀតពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនោះ សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយៈការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានពីមូលនិធិនានា ដែលគម្រោងទាំងនេះត្រូវបានអនុវត្តដោយKoica និងODAប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណផងដែរដល់ឯកឧត្តម Yoon SUK YEOL ប្រធានាធិបតីសាធារណរដ្ឋកូរ៉េដែលបន្តគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច និងគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ ៕ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner