កម្ពុជានឹងសិក្សាពីលទ្ធភាពកែច្នៃសំរាមទៅជាថាមពលតាមរយៈគម្រោងដែលស្នើពីកូរ៉េខាងត្បូង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងសិក្សាពីលទ្ធភាពក្នុងការកែច្នៃសំរាមទៅ ជាថាមពលដើម្បីប្រើប្រាស់ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រលើសំណើគម្រោងកែច្នៃសំរាមនេះពីភាគីកូរ៉េខាងត្បូង ស្របពេលកម្ពុជាមានសំរាមប្រមាណបួនលានតោន ជារៀងរាល់ឆ្នាំ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នាវិមានសន្តិភាព សម្ដេចតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាដែលនឹងបញ្ចប់អាណត្តិបេសកកម្មការងារ លោក ប៉ាក ហឹងឃ្យុង (Park Heung Kyeong) ចូលជួប សម្ដែងការគួរសម និងជម្រាបលា ដែលភាគីកម្ពុជា-កូរ៉េខាងត្បូង បានសម្តែងអំណរគុណចំពោះគ្នាទៅវិញទៅមកលើការផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អនិងចំណងការទូតដែលវិវត្តទៅកាន់ភាពរីកចម្រើន។

យោងតាមការបញ្ជាក់ពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រៅពីរំលឹកពីវឌ្ឍនភាពទំនាក់ទំនងកូរ៉េខាងត្បូង-កម្ពុជា លោកប៉ាក ហឹងឃ្យុង បានស្នើសុំការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន នូវគម្រោងកែច្នៃសំរាមឱ្យទៅជាថាមពលដោយក្រុមហ៊ុនកូរ៉េខាងត្បូងអេកូខេម(ECOCAM)។

ជាមួយគ្នានេះ ពីភាគីកម្ពុជាវិញសម្ដេចតេជោ ហ៊ុន សែន បានសម្តែងការគាំទ្រទាំងស្រុងចំពោះសំណើរកែច្នៃសំរាមទៅជាថាមពលរបស់កូរ៉េខាងត្បូងនេះ ហើយសម្ដេចបានបានយកគម្រោងនេះលើកជូនឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រួមសហការជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងសាលារាជធានីភ្នំពេញ ដើម្បីសិក្សាពីលទ្ធភាពនិងធ្វើការងារបន្តពាក់ព័ន្ធគម្រោងនេះ។

ផ្អែកតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ក្នុងរយៈពេល មួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមរង្វង់ជាងមួយម៉ឺនតោនក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២ ៧០០ ទៅ ៣ ០០០តោន ក្នុងមួយថ្ងៃ។

ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧.៤០ភាគរយ សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨.១០ភាគរយ សំណល់ក្រដាស ៦ភាគរយ កៅស៊ូ និងស្បែក ០.២ភាគរយសំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨.៣០ភាគរយ។

ជុំវិញបញ្ហានេះ លោក គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ កិច្ចការកែច្នៃសំរាមឲ្យទៅជាថាមពលនេះ នៅប្រទេសកូរ៉េខាងត្បូងមានបទពិសោធន៍ធ្វើរួចទៅហើយ ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការញែកសំរាមដោយខ្លួនឯងដើម្បីប្រយោជន៍បរិស្ថាន ថាមពល និងសុខុមាលភាពប្រជាជន។

លោក គី សេរីវឌ្ឍន៍ សង្កត់ធ្ងន់ថា៖ «នេះគឺជាការល្អ ជាពិសេសកាកសំណល់ផ្ទះបាយដែលគេអាចយកទៅប្រើប្រាស់សម្រាប់ធ្វើជាថាមពលបាន ដែលការគាំទ្រឲ្យមានការកែច្នៃសំរាមជាថាមពលនេះ ពិតជាល្អខ្លាំងណាស់»។

ទន្ទឹមនឹងផលល្អពីគម្រោងវិនិយោគពីក្រុមហ៊ុនកូរ៉េខាងត្បូងអេកូខាមលើការកែច្នៃសំរាមនេះ លោក គី សេរីវឌ្ឍន៍ មានការព្រួយបារម្ភខ្លាច មានការនាំចូលសំរាមពីក្រៅស្រុកក្នុងយន្តការច្នៃផលិតថាមពលនេះ ដែលលោកថា រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធត្រូវហាមដាច់ខាត ដោយអាចមានករណីបន្លំសំរាមនិងកាកសំណល់ពុលចូលក្នុងស្រុកផង។

ស្រដៀងគ្នានេះដែរ លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាសកម្មជនការពារបរិស្ថានមួយរូបផង បានសម្តែងការគាំទ្រលើគម្រោងដែលកម្ពុជាចង់កែច្នៃសំរាមជាថាមពល ដែលអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងយន្តការគ្រប់គ្រងសំរាមនិងកាកសំណល់ ដែលអាចជួយការពារបរិស្ថាន និងជំរុញល្បឿនប្រមូលសំរាមផង ចៀសវាងការនៅរាយប៉ាយ។

លោកបានប្រាប់ថា ៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយមលើការកែច្នៃនេះ ដើម្បីឱ្យមានវិធានប្រមូលសំរាមបានលឿនជាងមុនប្រកបដោយស្តង់ដារត្រឹមត្រូវ ហើយវាអាចកាត់បន្ថយសារធាតុពុលដែលកើតឡើងពីកាកសំណល់បានច្រើនជាងមុន និងជួយញ៉ាំងបរិយាកាសរស់នៅប្រជាជនកាន់តែមានផាសុកភាព»។

រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា ធ្លាប់បានលើកឡើងថា ការគ្រប់គ្រងទៅលើសំណល់រឹងសំរាមនៅតាមទីសាធារណៈនៅតែជាបញ្ហាប្រឈម និងស្នើពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងពេលដែលបច្ចប្បន្នសំរាម ១០០ ភាគរយ គឺមានតែ ៦៤ ភាគរយប៉ុណ្ណោះ ដែលបានយកទៅចាក់នៅទីលានសំរាម។

ឯកឧត្តមថា នៅឆ្នាំ ២០២២ សំរាមដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាងបួនលានតោននៅក្នុងមួយឆ្នាំៗ។ លោកបានឱ្យដឹងថា ក្នុងមួយថ្ងៃ សំរាមមានជាងមួយម៉ឺនតោន ហើយកម្រិតនៃការកើនឡើងសំណល់រឹងសំរាមនៅប្រទេសកម្ពុជា គឺមានចន្លោះពី ១០ ទៅ ១៥ ភាគរយនៅក្នុងមួយឆ្នាំ។

ឯកឧត្តមថ្លែងថា៖ «ក្នុងចំណោមសំរាម ១០០ ភាគរយ គឺមានតែសំរាម ៦៤ ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅលើលាន ក្រៅពីនោះ សំរាម ៣៦ ភាគរយទៀត គឺរាយប៉ាយតាមទៅតាំងផ្សេង ឬនៅប្រភពទឹក ឬនៅតាមសាធារណៈ ដែលក្រសួងបរិស្ថានបានរៀបចំនូវគោលនយោបាយ និងជំរុញបន្ថែមសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិដែលទទួលភារកិច្ចក្នុងការគ្រប់គ្រងសំណល់រឹងសំរាមធ្វើម៉េចឱ្យមានការរៀបចំទីលានចាក់សំរាមឱ្យបានត្រឹមត្រូវបន្ថែមទៀត»។

សូមរំឭកដែរថា មួយរយៈចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូងមានការវិវត្តជាវិជ្ជមាន តាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសទាំងពីរទៅវិញទៅមក ការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេស ដំណើរការឆ្លងនៃគម្រោងសាងសង់ស្ពានមិត្តភាពសាធារណរដ្ឋកូរ៉េ-កម្ពុជា ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិក្សត្រ៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner