អគ្គនាយកសហព័ន្ធសន្តិភាពសកល សុំអនុសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងដំណើរការកៀរគរការគាំទ្រធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសួនសន្តិភាពមេគង្គ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត យ៉ុន យ៉ុងហូ (Yun Young-ho) អគ្គនាយកសហព័ន្ធសន្តិភាពសកល បានសុំអនុសាសន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងដំណើរការកៀរគរការគាំទ្រធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសួនសន្តិភាពមេគង្គ ។ នេះបើតាមបញ្ជាក់ឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នៅក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម បណ្ឌិត យ៉ុន យ៉ុងហូ (Yun Young-ho) អគ្គនាយកសហព័ន្ធសន្តិភាពសកល នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម បណ្ឌិត យ៉ុន យ៉ុងហូ បានគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ពាន់ និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ ។

ឯកឧត្តមបណ្ឌិត ក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីដំណើរការកៀរគរការគាំទ្រ ធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសួនសន្តិភាពមេគង្គ ហើយក៏បានគោរពសុំអនុសាសន៍ដល់ខ្ពង់ខ្ពស់ពីសម្ដេចតេជោពាក់ព័ន្ធទៅនឹងករណីនេះផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត យ៉ុន យ៉ុងហូ ចំពោះការអបអរសាទរនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះ ។

សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចប្រជុំអាស៊ានកន្លងទៅនេះ គឺមានបញ្ហាចាក់ស្រេះគ្នាយ៉ាងច្រើន តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានដោះស្រាយបានទាំងអស់ ហើយបានចេញឯកសារទាំងអស់ទាំង១០១ឯកសារ ដោយមិនមានការរាំងស្ទះឡើយ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ឯកឧត្តម យ៉ុន យ៉ុងហូ ឱ្យជំរុញការគាំទ្រ តាមទម្រង់ UPF+X តាមរយៈការគាំទ្រពីតូចទៅធំ រីឯគម្រោងសួនសន្តិភាពមេគង្គវិញ សម្ដេចតេជោ សូមឱ្យបន្តធ្វើការបន្ថែមទៀត៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner