រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ការបរិច្ចាគឈាមរបស់សិស្សនិស្សិតបង្ហាញពីឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គម

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងកោតសសើរដល់ទឹកចិត្តសប្បុរសធម៌របស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមទាំងឡាយដែលមានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាមជាទៀងទាត់ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍បែបនេះនាឱកាសអញ្ជើញចូលរួមកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅបរិវេណទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់។

លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែលវីតាល់បានចាត់ទុកជាអាទិភាពផងដែរ។តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដែលជានិច្ចកាលវីតាល់បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥រៀលពីវីតាល់ក្នុង១ដប បង្វិលចូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។

បូរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យវីតាល់បន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដ និងក្តីសប្បុរស។ សូមជម្រាបថា កម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការឧបត្ថម្ភគាំទ្រដោយវីតាល់រយៈពេលមួយថ្ងៃនេះ ទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមប្រមាណជិត ៣០០នាក់ ៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner