កូរ៉េខាងជើងថា ទណ្ឌកម្មនឹងមិនបញ្ឈប់ការអភិវឌ្ឍ អាវុធរបស់ ខ្លួននោះទេ

ព្យុងយ៉ាង៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាន រាយការណ៍ ថា កូរ៉េខាងជើងនៅថ្ងៃអង្គារ ទី២០ ធ្នូ នេះ បានរិះ គន់កូរ៉េខាងត្បូងចំពោះការធ្វើឱ្យខូចដល់ការអភិវឌ្ឍអាវុធរបស់ខ្លួន ដោយលើកឡើងថា ការដាក់ទណ្ឌកម្មបន្ថែមនឹងមិនបញ្ឈប់កម្មវិធី មីស៊ីលរបស់ខ្លួននោះទេ។

លោកស្រី គីម យូ ជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេ ដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងថា គំនិតផ្តួចផ្តើម របស់ក្រុងព្យុងយ៉ាងក្នុងការអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍គឺជា«អាទិភាពសំខាន់ដែលទាក់ទងដោយផ្ទាល់ទៅនឹងសន្តិសុខរបស់យើង»។

លោកស្រី គីម យូ ជុង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា កូរ៉េខាង ត្បូងនឹង «ស្រែកទាមទារនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ មួយ ចំនួនហើយព្យាយាមយ៉ាងខ្លាំងក្នុងការដាក់ទណ្ឌកម្មបន្ថែមលើពួកយើង»។
លោកស្រីបន្តថា ៖ «ប៉ុន្តែដោយសិទ្ធិរស់រានមានជីវិត និង ការអភិវឌ្ឍ របស់យើងរងការគំរាមកំហែង ហេតុអ្វីបានជាយើង ខ្លាច ទណ្ឌកម្មដែលយើងជួបម្តងហើយម្តងទៀតរហូតមកដល់ពេលនេះ ហើយមិនមែនជាលើកទី១ទេ ហេតុអ្វីបានជាយើងបញ្ឈប់?»។
គួរបញ្ជាក់ថា ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី គីម យូ ជុង ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់បង្ហោះ មីស៊ីល ផ្លោងរយៈចម្ងាយមធ្យមចំនួនពីរ ដើម្បីធ្វើការសាកល្បងផ្កាយ រណប ឈ្លបយកការណ៍។

ភាពតានតឹងផ្នែកសន្តិសុខយោធានៅឧបទ្វីបកូរ៉េ ក៏ដូចជាក្នុងតំបន់ បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ នៅពេលដែលកូរ៉េខាងជើង ធ្វើការសាកល្បងមីស៊ីលរបស់ខ្លួនក្នុងកម្រិតមួយដ៏ច្រើនមិនធ្លាប់មានកន្លងមក។

សកម្មភាពរបស់កូរ៉េខាងជើងរងការថ្កោលទោសលើឆាកអន្តរជាតិ ជាពិសេសលោកខាងលិចនិងសម្ព័ន្ធមិត្ត ហើយធ្វើឱ្យកូរ៉េខាងត្បូង ក៏ដូចជាជប៉ុន រួមគ្នាជាមួយអាមេរិក បង្កើនសមយុទ្ធយោធា ដែល កូរ៉េខាងជើងចាត់ទុកថាជាការត្រៀមធ្វើសង្រ្គាមជាមួយខ្លួន៕
ដោយ៖ហួន ឌីណា
ប្រភព៖ North Korea says sanctions won’t stop its missile development

ads banner