លោក ពូទីន និងមេដឹកនាំបេឡារូសពិភាក្សាគ្នាលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ

មីនស្កិ៍៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមីនស្កិ៍ ហើយបានជួបពិភាក្សាជាមួយសមភាគីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូវ ក្នុងថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោក ពូទីន បាននិយាយនៅក្នុងសន្និសីទកាសែតរួមប ន្ទាប់ពីកិច្ចប្រជុំខាងលើថា បញ្ហាចម្បងនៃទំនាក់ទំនងរុស្ស៊ី-បេឡារូសក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ មនុស្សធម៌ សន្តិសុខ និងវិស័យការពារជាតិ ត្រូវបានលើកមកពិភាក្សាក្នុងលក្ខណៈផ្ទាល់ខ្លួន និងស្ថាបនា។ ដោយហៅប្រទេសទាំងពីរថា “សម្ព័ន្ធមិត្ត និងដៃគូយុទ្ធសាស្ត្រជិតស្និទ្ធបំផុត”នោះ លោក ពូទីន បានអះអាងថា រុស្ស៊ី និងបេឡារូសកំពុងបន្តធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ រួមគ្នាទប់ទល់នឹងសម្ពាធទណ្ឌកម្ម ក៏ដូចជាសម្របសម្រួលជំហានដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរឹតបន្តឹងរបស់លោកខាងលិច។

ជាមួយគ្នានេះ លោក លូកាសិនកូវ បាននិយាយថា គាត់បានចាត់ទុកកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗនៃកិច្ចសហប្រតិបត្តិការបេឡារូស-រុស្ស៊ីថា មានលក្ខណៈស្ថាបនា និងប្រកបដោយផ្លែផ្កា។ លោកថា សព្វថ្ងៃនេះ យើងអាចបញ្ជាក់យ៉ាងច្បាស់បានថា យើងមិនត្រឹមតែអាចរស់បានប៉ុណ្ណោះទេ ប៉ុន្តែក៏អាចស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងផងដែរ។

គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនឹងឈានដល់កំណត់ត្រាជាង ៤០ពាន់លានដុល្លារនៅដំណាច់ឆ្នាំ២០២២នេះ ខណៈដែលរុស្ស៊ីនៅតែជាអ្នកវិនិយោគធំជាងគេនៅក្នុងសេដ្ឋកិច្ចបេឡារូស ដែលមានជាង ៤ពាន់លានដុល្លារ៕

ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner