លោក ពូទីន បញ្ជាឱ្យសេវាសន្តិសុខសហព័ន្ធបង្កើនការឃ្លាំមើលជនក្បត់ជាតិ និងការពារព្រំដែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាឱ្យសេវាសន្តិសុខសហព័ន្ធ (FSB) បង្កើនការឃ្លាំមើលសង្គមរុស្ស៊ី និងព្រំដែនរបស់ប្រទេសខ្លួន ដើម្បីការពារហានិភ័យពីបរទេស និងជនក្បត់ជាតិ។

ថ្លែងក្នុងទិវាសេវាសន្តិសុខដែលប្រារព្ធឡើងយ៉ាងទូលំទូលាយទូទាំងប្រទេសរុស្ស៊ី លោក ពូទីន បាននិយាយថា ការលេចឡើងនៃការគំរាមកំហែងថ្មី បានបង្កើនតម្រូវការសម្រាប់សកម្មភាពស៊ើបការណ៍កាន់តែច្រើន។ លោកថា ការងារត្រូវតែត្រូវបានពង្រឹង តាមរយៈសេវាកម្មព្រំដែន និងសេវាសន្តិសុខសហព័ន្ធ (FSB)។

លោក ពូទីន បន្តថា រាល់ការប៉ុនប៉ងរំលោភលើព្រំដែន ត្រូវតែត្រូវបានរារាំងយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ដោយប្រើកម្លាំងណាក៏ដោយ និងមធ្យោបាយដែលយើងមាន រួមទាំងអង្គភាពសកម្មភាពចល័ត និងកងកម្លាំងពិសេស។ ទន្ទឹមគ្នា ប្រធានាធិបតីរុស្ស៊ីរូបនេះបានណែនាំដល់សេវាសន្តិសុខសហព័ន្ធ (FSB) ឱ្យបង្កើនការប្រើប្រាស់សក្តានុពលប្រតិបត្តិការ បច្ចេកទេស និងបុគ្គលិករបស់ពួកគេ ដើម្បីរឹតបន្តឹងការគ្រប់គ្រងសង្គម។

គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន ការធ្វើបាតុកម្ម និងការប្រឆាំងរដ្ឋាភិបាល ត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសរុស្ស៊ី ដោយមនុស្សជាង ១,៣០០នាក់ត្រូវបានឃុំខ្លួនកាលពីខែកញ្ញាកន្លងទៅ នៅក្នុងការតវ៉ាប្រឆាំងនឹងការកែនយោធារបស់លោក ពូទីន រហូតដល់ ៣០០,០០០នាក់ ៕

ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner