រដ្ឋមន្រ្តីសាធារណការ៖ នៅសល់រថយន្តជាង ១៧ម៉ឺនគ្រឿងទៀត ហួសសុពលភាពឆៀក

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា យានយន្ត ចំនួនជាង ១៧ម៉ឺនគ្រឿង ដែលហួសសុពលភាពឆៀក ក្នុងចំណោម យានយន្ត ដែលបានចុះបញ្ជីសរុប ជាងមួយលានគ្រឿងនៅទូទាំងប្រទេស។

ការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយរបស់ក្រុមហ៊ុន So Brothers Co., Ltd. នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោកបានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ ឱ្យយកយានយន្តដែលមិនទាន់បានឆៀកទាំងនោះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការ ផាកពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន។

ឯកឧត្តមបានថ្លែងថា ៖ «ដើម្បីបញ្ចៀសនូវការរងចាំ និងកកស្ទះនៅ មណ្ឌលឆៀក បងប្អូនប្រជាពលរដ្ឋក៏អាចដាក់ពាក្យតាម ប្រព័ន្ធ អនឡាញ (Online) ដើម្បីណាត់ពេលវេលាក្នុងការយានយន្តមក ត្រួតពិនិត្យ»។

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តីបានពន្យល់ថា ការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជា មានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាព ដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ។ពិសេសគឺចូល រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ដូចជា ការបញ្ចេញឧស្ម័នពីយានយន្តដែលមិនស្របតាមកម្រិតកំណត់ គឺបង្កឱ្យមានសារធាតុបំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ ស្រទាប់អូហ្សូន។

ក្នុងបទសម្ភាសជាមួយនឹងអ្នកសារព័ត៌មាន នាឱកាសនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅតាមបណ្តាខេត្តចំនួន មិនទាន់មានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) លោកក៏បានស្នើ និងអំពាវនាវទៅដល់ក្រុមហ៊ុនដែល ចង់ឱ្យមានទីតាំងឆៀករថយន្តចល័ត បង្កើតជាមណ្ឌលឆៀករថយន្ត ចល័តដើម្បីឱ្យកៀកដល់ប្រជាពលរដ្ឋតែម្តង។

ឯកឧត្តមបានថ្លែងថា ៖ «យើងនឹងចាំពិនិត្យមើលការស្នើសុំ ពាក្យ បង្កើត នូវមជ្ឈមណ្ឌល បើគាត់មានលក្ខណៈបច្ចេកទេស មានបទ ពិសោធន៍ និងមានម៉ាស៊ីនត្រឹមត្រូវ នោះយើងនឹងអនុញ្ញាតឱ្យ បង្កើតមណ្ឌលឆៀកផ្សេងទៀត»។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះបានបញ្ជាក់ថា ការផ្តល់សេវាឆៀករថយន្តឱ្យបានច្រើនកន្លែងនេះ ដើម្បីឱ្យប្រជា ពលរដ្ឋ ដែលមិនទាន់បានយកឡានមកឆៀកឱ្យទាន់ពេលវេលា ដើម្បីបញ្ជៀសនូវការកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយកត្តាយានយន្តផងដែរ។

ឯកឧត្តមបញ្ជាក់ថា ៖ «បើហួសសុពលភាពនៃការឆៀករថយន្តនេះ នឹងធ្វើការផាកពិន័យមួយថ្ងៃ៥០០រៀល ដូចនេះខ្ញុំសុំឱ្យបងប្អូនយើង មកឆៀករថយន្តឱ្យទាន់ពេលវេលា»។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មីសាខាផ្សារដីហុយ ដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជា ផ្លូវការនាឱកាសនេះ គឺបង្កើតឡើងក្នុងគោលបំណងដើម្បី ពង្រីកការ ផ្តល់សេវាសាធារណៈឱ្យកាន់តែទូលំទូលាយ និងកាន់តែខិតជិត ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
មណ្ឌលឆៀក សាខាផ្សារដីហុយនេះ គឺស្ថិតក្រោមប្រតិបត្តិការរបស់ ក្រុមហ៊ុន So Brothers Co., Ltd. ជាក្រុមហ៊ុនមួយក្នុងចំណោម៥ ដែលទទួលបានអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តពីក្រសួងសាធារណការ និងដឹកជញ្ជូន៕
ដោយ៖យុទ្ធ វីរ:

ads banner