អាជ្ញាធរថៃចាប់ខ្លួនមនុស្ស១៩នាក់ ក្នុងការបង្ក្រាបអេបកម្ចីប្រាក់ដែល យកការប្រាក់៤០ភាគរយក្នុងមួយសប្ដាហ៍
ថៃ៖ ប៉ូលីសថៃបានចាប់ខ្លួនជនជាតិចិនពីរនាក់និងជនជាតិថៃ១៧ នាក់ នៅក្នុងការបង្ក្រាបលើអេប(App)ទូរស័ព្ទចំនួនពីរ ដែលផ្តល់ ប្រាក់ កម្ចីក្នុងអត្រាការប្រាក់២ ០៨០ភាគរយក្នុងមួយឆ្នាំ ឬ៤០ ភាគរយក្នុងមួយថ្ងៃឬ ជាង១៧៣ភាគរយក្នុងមួយខែ។
អាជ្ញាធរថៃ បានប្រកាសកាលពីថ្ងៃចន្ទថា ប្រតិបត្តិការឥណទាន ខុសច្បាប់នេះ ដំណើរការដោយស្ត្រីជនជាតិចិនដែលម្នាក់មាន អាយុ៣០ឆ្នាំ និងម្នាក់ទៀតអាយុ ៣៤ ឆ្នាំ។ពួកគេ កំពុងស្ថិតក្នុង ការឃុំឃាំងរបស់ប៉ូលីស។
អគ្គស្នងការរងនគរបាលជាតិថៃ លោក ឧត្តមសេនីយ៍ទោ Surachate Hakparn ដែលដឹកនាំ ប្រតិបត្តិការនេះ បាននិយាយ ថា បន្ទាប់ពីការស៊ើបអង្កេតដំបូង អាជ្ញាធរជំនាញ បានទទួលដីកា ចាប់ខ្លួនជនសង្ស័យចំនួន ២២ នាក់កាលពីថ្ងៃទី១៣ខែធ្នូ បន្ទាប់ ពីបានឆែកឆេរ ទីតាំងចំនួន២២ក្នុងទីក្រុងបាងកក ខេត្តនន់ថាបូរី ខេត្តឈៀងរ៉ៃ ខេត្តផាយ៉ាវ ខេត្តឈុនបុរី និង ខេត្តPrachuap Khiri Khan ។
លោក Surachat បន្តថាប្រតិបត្តិការថ្មីនេះប៉ូលីសបានឆ្មក់ចូល ចាប់ខ្លួនមនុស្ស ១៩នាក់ត្រូ ក្នុងនោះមានជនជាតិចិន២នាក់ និងជនជាតិថៃ ១៧នាក់។ លោកបន្តថា ជនសង្ស័យត្រូវ ប្រឈម នឹងបទចោទមួយចំនួនដូចជា ដំណើរការអាជីវកម្មកម្ចី គ្មាន អាជ្ញាប័ណ្ណ គិតការប្រាក់ដែលខ្ពស់ជាងការអនុញ្ញាតដោយច្បាប់ និងការបំភិតបំភ័យកូនបំណុលឱ្យសងបំណុលរបស់ពួកគេ។
លោក Surachat បាននិយាយថា អាជ្ញាធរថៃបានបង្កក គណនី ធនាគារ ចំនួន ៣៣ ដែលមានសមតុល្យសាច់ប្រាក់សរុបចំនួន ៥.២៩ លានបាត។ ប៉ូលិសក៏ដកហូតបានសៀវភៅធនាគារសន្សំចំនួន៥ក្បាល កុំព្យូទ័រ៣ គ្រឿង កាតATMចំនួន៣ ទូរស័ព្ទដៃ២គ្រឿង ស៊ីមកាត៤។ល។
ស្នងការរងប៉ូលិសរូបនេះបន្ថែម៖« APPទាំងពីរនេះ ជាច្រកមួយដើម្បី មចូលប្រើកម្មវិធីផ្តល់ប្រាក់កម្ចី៤០ ផ្សេងទៀតដែលគិតប្រាក់អ្នកខ្ចី ៤០ភាគរយក្នុងមួយសប្តាហ៍ដែលបន្ថែមរហូតដល់ ២០៨០ភាគរយ ក្នុងមួយឆ្នាំ។ ប្រសិនបើអ្នកខ្ចីមិនសងបំណុលក្នុងរយៈពេលប្រាំពីរថ្ងៃ កម្មវិធីនឹងផ្ញើសារគំរាមកំហែងពួកគេ ឬ ក្រុមក្មេងទំនើងនឹងទៅគំរាម កំហែងពួកគេដល់ផ្ទះឬកន្លែងធ្វើការជាដើម»។
លោក Surachate ពន្យល់ថា ស្ត្រីជនជាតិចិនទាំងពីរនាក់នោះ គឺជាអ្នកទទួលផលពីប្រតិបត្តិការនេះ ហើយបានផ្តល់មូលនិធិ សម្រាប់កម្ចី។ លោកបានបន្ថែមថា អ្នកទាំងពីរបានព្យាយាម ចាកចេញពីប្រទេសថៃ ប៉ុន្តែប៉ូលិសបានចាប់ខ្លួនពួកគេជាមុនសិន។
កម្មវិធី មួយ ត្រូវបានគេរាយការណ៍ថាបានដំណើរការប្រហែល ប្រាំមួយខែហើយត្រូវបានភ្ជាប់ទៅនឹងគណនីធនាគារចំនួន២០ដែលមានចរាចរប្រហែលមួយពាន់លានបាត។ចំពោះកម្មវិធី មួយទៀត ក៏ដំណើរការអស់រយៈពេលប្រាំមួយខែដោយមានគណនីធនាគារចំនួន១១ និងចរាចរប្រហែល១.៥ ពាន់លានបាត។
លោក Surachate ជឿជាក់ថាប្រាក់ដែលរកបានពីកម្មវិធីទាំងពីរនេះ នឹងត្រូវបានសំអាតដោយទិញរូបិយប័ណ្ណគ្រីបតូ និងផលិតផល កុំព្យូទ័រ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដដែល លោកវរសេនីយ៍ឯក ផាឌុល ចាន់ដុន ប្រធានអនុនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចថៃ មានប្រសាសន៍ថា ជនរងគ្រោះមួយចំនួននៅខេត្តចាន់ថាបុរី និងខេត្តសាមុតប្រាកាន បានត្អូញត្អែរថាពួកគេកំពុងរងការគំរាម កំហែងពីម្ចាស់បំណុល បន្ទាប់ពីពួកគេបានខ្ចីលុយតាមរយៈកម្មវិធី។
លោក Phadol បាននិយាយថា៖« មនុស្សប្រហែល៨០ ០០០ នាក់បានខ្ចីលុយតាមរយៈកម្មវិធីទាំងពីរនេះ។ នៅក្រោមកម្មវិធីនោះ គាត់បាននិយាយថា ប្រសិនបើមនុស្សម្នាក់ខ្ចី៣ ០០០ បាត ពួកគេនឹងទទួលបានត្រឹមតែ១ ៨០០ បាតប៉ុណ្ណោះ ដោយនៅសល់ ១ ២០០ដែលត្រូវបានកាត់ជាការប្រាក់។ ទោះយ៉ាងណាក៏ដោយ អ្នកខ្ចីនឹងត្រូវសងវិញទាំង ៣ ០០០ បាតក្នុងរយៈពេលប្រាំពីរថ្ងៃ ឬទទួលរងការគំរាមកំហែង និងការបំភិតបំភ័យ»៕
ដោយ៖វណ្ណ ស័ក្ដិ
