សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករបាលទាត់កម្ពុជាឈ្នះហ្វីលីពីន៣ទល់នឹង២ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលយកឈ្នះលើក្រុមជំរើសជាតិហ្វីលីពីន៣ទល់នឹង២ នៅក្នុងការប្រកួតមួយនាពហុកីឡដ្ឋានជាតិមរតកតេជោ។
សាររបស់សម្តេចតាមបណ្តាញសង្គម មានខ្លឹមសារថា «អបអរសាទរក្រុមជម្រើសជាតិកម្ពុជា រកបាន៣ពិន្ទុពេញ ពីការប្រកួតបើកឆាក ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វី លីពីន ៣-២»។ សារលិខិតរបស់សម្តេចបានសរសេរថា «សូមជូនពរកីឡាករជាតិកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត»។
ការប្រកួតបើកឆាកពានរង្វាន់ប្រចាំតំបន់នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺក្នុង២០នាទី ដំបូង ក្រុមគោព្រៃកម្ពុជា បាននាំមុខហ្វីលីពីន ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០ នៅមុនកីឡាករហ្វីលីពីន លុនធុក ដានីញ៉ែល រកបាន១គ្រាប់វិញ នៅនាទី៤១ ។
ចូលក្នុងវគ្គទី២ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរបស់ហ្វីលីពីនដដែលគឺកីឡាករ លុនធុក ដានីញ៉ែល បានស៊ុតចូលមួយគ្រាប់ទៀត នៅនាទី៥៥ ។ ប៉ុន្ដែ៣នាទីបន្ទាប់ពីនេះ, កីឡាករកម្ពុជា រ៉ឹង ប៊ុន ហៀង បានបន្ថែមមួយគ្រាប់នាំមុខសាជាថ្មីឲ្យកម្ពុជាវិញ នៅនាទី៥៩ ហើយក៏ជាគ្រាប់បាល់ ជ័យជម្នះក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ដោយកម្ពុជា បានយកឈ្នះហ្វីលីពីន ៣-២ ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ឈរនៅលេខរៀងទី២ ក្នុងតារាងពូល A ដែលមាន៣ពិន្ទុដូចគ្នាទៅនឹងក្រុមជម្រើសជាតិថៃ ដែលបានយកឈ្នះក្រុមជម្រើសជាតិប៊្រុយណេ ៥-០។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៣ ខែធ្នូខាងមុខនេះ ។ បន្ទាប់មកទើបកម្ពុជាត្រូវបើកទ្វារផ្ទះជាថ្មី ទទួលក្រុមជម្រើសជាតិប៊្រុយណេវិញ នាថ្ងៃទី២៩ ខែធ្នូ មុនការប្រកួតបញ្ចប់ពូលជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។