ក្រសួងវប្បធម៌ប្តេជ្ញាប្រើប្រាស់ច្បាប់ ដើម្បីដោះស្រាយវាយកុដិបុរាណបី ក្នុងវត្តឧណ្ណាលោម (Video Inside)

ក្រសួងវប្បធម៌បានប្តេជ្ញាដោះស្រាយតាមវិធានការច្បាប់ពាក់ព័ន្ធនឹងការវាយកុដិបុរាណអាយុ ជិត១០០ឆ្នាំចំនួន៣កន្លែងនៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។ ការវាយកុដិបុរាណ ចំនួន ៣ គឺកុដ្ឋលេខ៤៣, លេខ៤៤ និងលេខ៤៥ កសាងនាកំឡុងឆ្នាំ១៩៣០ បានរងការរិះគន់ យ៉ាងខ្លាំងពីសាធារណជនតាមបណ្តាញសង្គម។

កុដិទាំងបីនេះ ត្រូវក្រសួងវប្បធម៌បានបញ្ជាក់ថា ត្រូវបានគេចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ រាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ ។ រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈលោក ជំទាវ ភឿង សកុណា បានថ្វាយលិខិតមួយកាលពីថ្ងៃទី១២ធ្នូ ទៅសម្តេចមហាសង្ឃរាជ ទេព វង្ស ដើម្បីរកការបញ្ឈប់សកម្មភាពនេះ ប៉ុន្តែលិខិតនោះយឺតពេលទៅហើយ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើអ្នកណាបានបញ្ជាឱ្យមានការរុះរើកុដិបុរាណទាំង៣នោះឡើយ ប៉ុន្តែមានសេចក្តីរាយការណ៍មុននេះបញ្ជាក់ថា ការរុះរើនិងវាយកម្ទេចកុដិបុរាណ ទាំង៣នោះ គឺដើម្បីកសាងព្រះចេតិយ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងសេចក្តីជូនដំណឹងថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២ បានសរសេរបញ្ជាក់ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និតជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់» ។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែមថា ក្នុងកំលុងពេលនៃការដោះស្រាយនេះ ក្រសួងមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់អ្វីថ្មីឡើយ រហូតដល់នីតិវិធីនានា ដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។

ads banner