ពួកតាលីបង់ ចាប់ខ្លួនស្ត្រីអាហ្វហ្កានីស្ថានដែលប្រឆាំង បម្រាម មិនឱ្យចូលរៀននៅសាកលវិទ្យាល័យ
កាប៊ុល៖ ក្រុមតាលីបង់ បានចាប់ខ្លួនស្ត្រីចំនួនប្រាំនាក់ ដែល ចូលរួមក្នុងការតវ៉ាមួយនៅក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្កានីស្ថាន ដើម្បីប្រឆាំងនឹងការហាមប្រាមស្ត្រីមិនឱ្យចូលរៀន នៅសាកលវិទ្យាល័យ។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលតាលីបង់ ហាមស្ត្រីមិនឱ្យចូល រៀននៅសកលវិទ្យាល័យនេះ បង្កឱ្យមានការតវ៉ាជាថ្មី។ តាម រយៈវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេឃើញស្ត្រី អាហ្វហ្កានីស្ថាន ជាង ២០នាក់ពាក់ហ៊ីយ៉ាបដើរ តាមដង ផ្លូវក្នុងទីក្រុងកាប៊ុល ដោយលើកបដា និងស្រែកពាក្យស្លោក ក្នុងន័យថា៖ «កុំខ្លាចអី យើងនៅជាមួយគ្នា» ហើយ «សិទ្ធិគឺសម្រាប់អ្នករាល់គ្នា ឬគ្មានសម្រាប់នរណាម្នាក់!»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាបាតុករនិងអ្នកកាសែតមួយចំនួនត្រូវបានចាប់ខ្លួន អំឡុងពេលនៃការតវ៉ាកាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ អ្នកតវ៉ាម្នាក់ បានឱ្យដឹងថាស្ត្រីមួយចំនួនត្រូវបាន ប៉ូលិស ចាប់ខ្លួន។ ស្ត្រីអ្នកតវ៉ាដដែលនេះ បានប្រាប់ទៀតថា មានស្ត្រីពីរនាក់ត្រូវបានដោះលែងមកវិញ។ ប៉ុន្តែអ្នកខ្លះ ទៀតនៅជាប់ឃុំនៅឡើយ។
គួរជ្រាបថា ការហាមឃាត់ស្ត្រីអាហ្វហ្កានីស្ថានមិនឱ្យចូល រៀននៅសាកលវិទ្យាល័យ គឺជាគោលនយោបាយចុង ក្រោយបង្អស់ ដែលដាក់កំហិតលើការអប់រំរបស់ស្ត្រី ចាប់តាំងពីក្រុមតាលីបង់បានវិលត្រឡប់ទៅកាន់អំណាចកាលពីឆ្នាំមុនមក។ បម្រាមថ្មីនេះ ត្រូវបានអនុវត្តភ្លាមៗ ក្រោយការប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា កាលពីថ្ងៃអង្គារ។
តាមរយៈសេចក្តីប្រកាស ទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជន ត្រូវបដិសេធមិនទទួលយកនិស្សិតភេទស្រីឲ្យចូលរៀនឡើយ។ ការហាមប្រាមថ្មីនេះ ក៏បានបង្កឱ្យមានរលកនៃការ ថ្កោលទោស ជាខ្លាំងពីអង្គការសហប្រជាជាតិ ក្រុមប្រទេសលោកខាងលិច និងពីបណ្តាប្រទេសដែលកាន់សាសនាអ៊ីស្លាមជាច្រើនផងដែរ។ តួយ៉ាង តួកគី និងអារ៉ាប៊ីសាអូឌីត បានជំរុញឱ្យក្រុមតាលីបង់ ដកការបម្រាមនេះចេញវិញ។
រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាន និយាយថាបម្រាមមិនឱ្យស្ត្រីចូលរៀននៅសាកលវិទ្យាល័យ មិនមែនជាផ្នែកមួយនៃសាសនាអ៊ីស្លាមទេ ហើយការធ្វើបែប នេះ គឺគ្មានមនុស្សធម៌ឡើយ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Afghanistan: Taliban arrest women protesting against university ban
Afghanistan: Taliban university ban sparks fresh protests