វិភាគ សង្រ្គាមអ៊ុយក្រែន៖ ហ្សេឡេនស្គី ប្រើវោហាសាស្រ្តទាក់ទាញ ជំនួយប្រឆាំងនឹងរុស្ស៊ីនៅក្រុងវ៉ាស៊ីនតោន
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃពុធទី២១ ធ្នូបានថ្លែងអំពីទំនាក់ទំនងដ៏រឹងមាំរវាង សហរដ្ឋអាមេរិកនិងប្រទេសរបស់លោក ខណៈផ្ញើសារនៃក្ដី សង្ឃឹមជូនប្រជាជនអ៊ុយក្រែននៅក្នុងស្រុក ដែលកំពុងរង ទុក្ខវេទនាក្រោមការវាយប្រហាររបស់កងកម្លាំងឈ្លានពានរុស្ស៊ី ដែលព្រមានថាការវិវត្តចុងក្រោយនឹងបង្កើនភាពតានតឹងនៃសង្រ្គាម។
ការថ្លែងរបស់លោក ហ្សេឡេនស្គី ធ្វើឡើងក្នុងដំណើរ ទស្សនកិច្ចទៅរដ្ឋធានីវ៉ាស៊ីនតោន ដោយលោកបានជួបជា មួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ដូចជាធ្វើសេចក្ដី ថ្លែងការណ៍ទៅកាន់សភាអាមេរិក។
រាប់តាំងពីការថ្លែងអំណរគុណចំពោះការជ្រោមជ្រែងរបស់អាមេរិក រហូតដល់ការសុំជំនួយបន្ថែមដើម្បីការពារខ្លួន ក៏ដូចជា ការទទូចសុំឱ្យសភាអាមេរិកពង្រឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី គេមើលឃើញថា លោក ហ្សេឡេនស្គី ប្រើពាក្យពេចន៍ ការទូតដ៏មានថ្វីមាត់ ដើម្បីទាក់ទាញជំនួយ ក៏ដូចជាបង្ហាញ ពីជំហរដ៏រឹងមាំរបស់អ៊ុយក្រែន។
ក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយទៅកាន់សភាក្នុងគោលបំណងរក្សានូវការគាំទ្រផ្នែកវិស័យការពារជាតិ លោក ហ្សេឡេនស្គី បានហៅជំនួយផ្នែកយោធា និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃរាប់ពាន់លានដុល្លារ ថាមានសារៈសំខាន់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការវាយបកប្រឆាំងនឹងរុស្ស៊ី ហើយបានអំពាវនាវសុំបន្ថែមទៀតឱ្យកាន់តែ ច្រើននាពេល អនាគត។
មេដឹកនាំអ៊ុយក្រែនបានថ្លែងយ៉ាងដូច្នេះថា៖ «លុយរបស់អ្នក មិនមែនជាលុយសប្បុរសធម៌នោះទេ។ វាគឺជាការវិនិយោគលើ សន្តិសុខ និងលទ្ធិប្រជាធិបតេយ្យសកល ដែលយើងគ្រប់គ្រង ដោយការទទួលខុសត្រូវបំផុត»។
សុន្ទរកថាទៅកាន់សភាអាមេរិកនាថ្ងៃពុធ ធ្វើឡើងបន្ទាប់ពី លោក បៃដិន ស្វាគមន៍លោក ហ្សេឡេនស្គី ទៅកាន់ការិយា ល័យប្រធានាធិបតី (Oval office) ដោយថ្លែងថា សហរដ្ឋ អាមេរិក និងអ៊ុយក្រែន នឹងរក្សាការរួបរួមគ្នាផ្នែកការពារ ជាតិស្របពេលដែលរុស្ស៊ីវាយលុកយ៉ាងព្រៃផ្សៃលើសិទ្ធិរស់រានជាប្រជាជាតិមួយរបស់អ៊ុយក្រែន។
ជាមួយគ្នានោះផងដែរលោក ហ្សេឡេនស្គី បានព្យាករថា ឆ្នាំក្រោយនឹងក្លាយជា «ចំណុចរបត់» នៅក្នុងជម្លោះ ពោល គឺនៅពេលដែល «ភាពក្លាហានរបស់អ៊ុយក្រែន និងការតាំង ចិត្តរបស់អាមេរិក ត្រូវធានានូវអនាគតនៃសេរីភាពរួមរបស់យើង គឺសេរីភាពរបស់ប្រជាជនដែលឈរលើតម្លៃរបស់ខ្លួនឯង»។
ក្នុងវោហាសាស្រ្តមួយដែលបង្ហាញពីជំហរមិនរុញរារបស់អ៊ុយក្រែនក្នុងការប្រឆាំងនឹងរដ្ឋឈ្លានពាន លោក ហ្សេឡេនស្គី បាន ប្រកាសឡើងទៅកាន់សភាថា៖ «អ៊ុយក្រែនគ្មានថ្ងៃចុះ ចាញ់រុស្ស៊ី នោះទេ» ទោះបីរុស្ស៊ីនឹងប្រើគ្រប់មធ្យោបាយ ប្រឆាំងនឹងខ្លួនក៏ដោយ។
មុននោះបន្តិច លោកក៏បានថ្លែងផងដែរថា៖ «ទោះបីជាមាន បញ្ហាទ្រគោះបក់បោកយ៉ាងណាក៏ដោយ។ អ៊ុយក្រែនមិន បានដួលចុះ។ អ៊ុយក្រែននៅរស់ ហើយដើរទៅមុខ យ៉ាង សកម្ម»។ លោកបានព្រមានបន្ថែមថា ផលនៃជម្លោះធំជាង ជោគ វាសនារបស់អ៊ុយក្រែន ហើយនោះគឺ លទ្ធិប្រជាធិបតេយ្យ នៅ ទូទាំងពិភពលោកកំពុងជួបនឹងបញ្ហាប្រឈម។
ក្នុងសារជូន «ប្រជាជនអាមេរិក» លោក ហ្សេឡេនស្គី ថ្លែង យ៉ាង ដូច្នេះថា៖ «កុំប្រងើយកន្តើយដាក់ការប្រយុទ្ធគ្នា (នៅអ៊ុយក្រែន) ដោយសង្ឈឹមថាមហាសុទ្រ ឬអ្វីផ្សេងទៀតនឹង ជួយការពារនោះឡើយ»។
អ្វីគួរឱ្យកត់សម្គាល់នោះគឺថា លោក ហ្សេឡេនស្គី ហាក់យល់ ពីការមិនចុះសម្រុងគ្នាផ្នែកនយោបាយក្នុងស្រុកអាមេរិក ជាពិសេសជុំវិញការរិះគន់ការផ្ដល់ជំនួយពាន់លានរបស់រដ្ឋបាល បៃដិន ទៅកាន់អ៊ុយក្រែន។
លោកបានអំពាវនាវដល់សមាជិកសភា និងព្រឹទ្ធសភា ឱ្យធានា ថាការដឹកនាំរបស់អាមេរិកនៅតែបន្តធ្វើឡើងដោយទ្វេភាគីនៃបក្សនយោបាយធំៗទាំង២ ហើយបានជំរុញឱ្យសមាជិក សភា អាមេរិក ដែលនឹងចូលកាន់កាប់ដោយគណបក្សសាធារណរដ្ឋ នៅឆ្នាំក្រោយនោះ ពង្រឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី។
លោកថ្លែងយ៉ាងដូច្នេះថា៖ «អ្នកអាចពង្រឹងការដាក់ទណ្ឌកម្ម ដើម្បីធ្វើឱ្យរុស្ស៊ីមានអារម្មណ៍ថាការឈ្លានពានអ៊ុយក្រែនពិតជាបំផ្លាញខ្លួនឯង។ វាស្ថិតនៅក្នុងអំណាចរបស់អ្នក ដើម្បីជួយ យើងស្វែងរកយុត្តិធម៌ពីឧក្រិដ្ឋជនសង្រ្គាម។ ចូរធ្វើវាដោយឱ្យភេរវករទទួលខុសត្រូវចំពោះការឈ្លានពាន ហើយទូទាត់សងរាល់ការខាតបង់ដែលមានដោយសារតែសង្រ្គាម»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏រសើបរបស់លោក ហ្សេឡេនស្គី ធ្វើឡើងខណៈសង្រ្គាមនៅអ៊ុយក្រែនបានបន្តអូស បន្លាយអស់រយៈពេល១០ខែ និងធ្វើឱ្យបាត់បង់ជីវិតទាហាន អស់ រាប់ ម៉ឺន នាក់ទាំងសងខាង ខណៈជនស៊ីវិលរាប់ពាន់ នាក់ស្លាប់ និងរាប់ម៉ឺននាក់រងរបួស។
ដំណើរទស្សនកិច្ចដដែលនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹង ការគាំទ្រអ៊ុយក្រែនរបស់សហរដ្ឋអាមេរិក ជាពិសេសតាមរយៈ ជំនួយ សព្វាវុធ។
មុនលោក ហ្សេឡេនស្គី ទៅដល់ក្រុងវ៉ាស៊ីនតោន អាមេរិកបាន ប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន ១,៨ ប៊ីលានដុល្លារ ដែលរួមបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាស Patriot ខណៈសភាអាមេរិកគ្រោងនឹងបោះឆ្នោតលើកញ្ចប់ចំណាយដែលរួមមានប្រមាណ ៤៥ ប៊ីលានដុល្លារជាជំនួយសង្គ្រោះបន្ទាន់ ដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូ។
ខណៈរុស្ស៊ីបន្តបាញ់ប្រហារដោយមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានថាមពលរបស់អ៊ុយក្រែន លោក បៃដិន បានថ្លែង ថា រុស្ស៊ីកំពុងព្យាយាមយករដូវរងាធ្វើជាអាវុធ ប៉ុន្តែប្រជាជន អ៊ុយក្រែននៅតែបន្តលើកទឹកចិត្តពិភពលោក។
ក្នុងសន្និសីទសារព័ត៌មានជាមួយលោក ហ្សេឡេនស្គី លោក បៃដិន ថ្លែងថា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន «គ្មានចេតនាបញ្ឈប់សង្គ្រាមដ៏សាហាវនោះទេ»។
ខណៈអាមេរិកប្ដេជ្ញា និងបន្តផ្គត់ផ្គង់ជំនួយសព្វាវុធដល់ អ៊ុយក្រែន ក្នុងអ្វីដែលលោក បៃដិន ហៅថាជាអាវុធ «ការពារខ្លួន» លោក ហ្សេឡេនស្គី បានថ្លែងថា Patriot នឹងជួយការពារដែនអាកាសរបស់អ៊ុយក្រែនយ៉ាងសំខាន់ ប៉ុន្តែលោកនៅតែបន្តទទូចសុំការគាំទ្រពីអាមេរិក ក៏ដូចជាបស្ចិមប្រទេសបន្តទៀត ដោយសារតែ «យើងកំពុងស្ថិតនៅក្នុងសង្រ្គាម»។
ការទទូចសុំបែបនេះ ត្រូវបានលោកយកទៅប្រើម្ដងទៀត នៅពេលថ្លែងទៅកាន់សភា ដោយនិយាយថា៖ «យើងមាន កាំភ្លើងធំ។ សូមអរគុណ។ តើវាគ្រប់គ្រាន់ទេ? និយាយដោយ ស្មោះត្រង់ វាមិនគ្រប់គ្រាន់នោះទេ»។
គួរកត់សម្គាល់ផងដែរ ដំណើរទស្សនកិច្ចទៅកាន់អាមេរិក របស់លោក ហ្សេឡេនស្គី កាលពីថ្ងៃពុធ ហាក់ធ្វើឱ្យរុស្ស៊ី ក្រពុលមុខមិនសុខចិត្ត ខណៈធ្វើការទទូចដដែលៗថា ការផ្ដល់ជំនួយសព្វាវុធឱ្យអ៊ុយក្រែននឹងធ្វើឱ្យសង្រ្គាមកាន់តែតានតឹង។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី បាននិយាយថា ការផ្ដល់ជំនួយយោធាទៅ អ៊ុយក្រែន និងដំណើរទស្សនកិច្ចរបស់លោក ហ្សេឡេនស្គី បង្ហាញបន្ថែមទៀតថា «សមូហភាពលោកខាងលិចត្រូវបាន កំណត់ សម្រាប់ការប្រឈមមុខគ្នាដ៏យូរជាមួយរុស្ស៊ី»។
លោកស្រីបន្ថែមថា មិនថាលោកខាងលិចជួយរដ្ឋាភិបាល អ៊ុយក្រែនច្រើនប៉ុណ្ណានោះទេ ពួកគេនឹងមិនទទួលបានអ្វីនោះ ឡើយ៕
ដោយ៖ ហួន ឌីណា
ប្រភព៖ Zelensky tells Congress US aid ‘not charity,’ vows Ukraine ‘will never surrender’
5 key quotes from Zelensky’s speech to Congress
Kremlin warning: More US arms to Ukraine will aggravate war