សេដ្ឋកិច្ចថៃ កំពុងជួបភាពមិនប្រាកដប្រជា

ថៃ៖ សេដ្ឋកិច្ចថៃនឹងប្រឈមមុខជាមួយឧបសគ្គជាច្រើននៅ ឆ្នាំក្រោយ។ ភាគច្រើនគឺបណ្ដាលមកពីដំណើរឡើងចុះនៃ សេដ្ឋកិច្ចពិភពលោក និងភាពតានតឹងភូមិសាស្ត្រនយោបាយ។ នៅឆ្នាំ២០២២ សេដ្ឋកិច្ចថៃបានងើបឡើងវិញពីវិបត្តិកូវីដ១៩ ខណៈដែលវិធានការបិទខ្ទប់ត្រូវបានបញ្ចប់ ជាពិសេសការបើក ឱ្យធ្វើដំណើរចេញចូលប្រទេសតាមធម្មតាឡើងវិញ។

បន្ទាប់ពីសេដ្ឋកិច្ចមានការធ្លាក់ចុះជាង ៦ភាគរយ កាលពីឆ្នាំ ២០២០ ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃបានកើន ឡើង ១,៥ភាគរយ វិញក្នុងឆ្នាំ២០២១ និង ៣,២ភាគរយក្នុង ឆ្នាំ២០២២ នេះ។

នៅឆ្នាំក្រោយ សេដ្ឋកិច្ចថៃត្រូវបានគេព្យាករថានឹងកើន ឡើងចំនួន ៣,៥ភាគរយ ព្រោះអាចនឹងមានកំណើននៃ ការប្រើប្រាស់កើនឡើង ចំណូលបានពីវិស័យទេសចរណ៍ ជាពិសេសអ្នកដំណើរដែលជាជនបរទេស។ មូលហេតុមួយ ចំនួនទៀតរួមមាន ការកើនឡើងនៃការនាំចេញ ជាពិសេស ទៅកាន់ប្រទេសចិន ក៏ដូចជាការវិនិយោគឯកជន ដូចជា ការផ្លាស់ប្តូរទីតាំងផលិតកម្មបច្ចេកវិទ្យាជាន់ខ្ពស់ពីប្រទេសចិនមកកាន់ប្រទេសថៃជាដើម។

ទោះយ៉ាងនេះក្តី វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសធំៗ ភាពតានតឹង ភូមិសាស្ត្រនយោបាយ តម្លៃទំនិញកើនឡើងខ្ពស់ និងការ ដំឡើង អត្រាការប្រាក់នៃប្រាក់កម្ចី អាចនៅតែបន្តជាឧបសគ្គ សម្រាប់ឆ្នាំក្រោយ។ ទីផ្សារនាំចេញសំខាន់ៗរបស់ ប្រទេសថៃ ត្រូវបានព្យាករថាត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៣។

ការព្យាករចុងក្រោយរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើន សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ដែលតំបន់ទាំងពីរនេះគឺជាទីផ្សារនាំចូលដ៏សំខាន់របស់ថៃ។

សម្រាប់សហរដ្ឋអាមេរិក គោលនយោបាយដំឡើងអត្រា ការប្រាក់របស់ខ្លួននៅឆ្នាំនេះដើម្បីទប់ទល់នឹងអតិផរណា នឹងបន្តរហូតដល់ឆ្នាំ២០២៣។
អត្រាការប្រាក់របស់សហរដ្ឋអាមេរិកទំនងជាអាចកើនឡើងដល់ជាង ៥ភាគរយ នៅចុងឆ្នាំក្រោយបើធៀបនឹងត្រឹមតែ ០,២៥ភាគរយ ប៉ុណ្ណោះនៅដើមឆ្នាំនេះ។

ការណ៍នេះនឹងធ្វើឱ្យតម្រូវការនៅសហរដ្ឋអាមេរិកមានការថយចុះ។ សម្រាប់សហភាពអឺរ៉ុបវិញ ការកើនឡើងខ្លាំងនៃតម្លៃឧស្ម័ន ធម្មជាតិ ដែលជាប្រភពថាមពលអគ្គិសនីនិងកម្តៅដ៏សំខាន់ នឹងធ្វើឱ្យអតិផរណាកាន់តែកើនឡើងបន្ថែមទៀត ដែលនេះ អាចបណ្ដាលឱ្យ អំណាចទិញ (Purchasing Power) មានការធ្លាក់ចុះដូចគ្នា។

ទោះបីជាតម្លៃឧស្ម័នធម្មជាតិត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចំណុចខ្ពស់បំផុតក៏ដោយ ប៉ុន្តែវានឹងនៅតែបន្តខ្ពស់រហូត ដល់ ឆ្នាំក្រោយ ដូច្នេះហើយកត្តានេះនៅតែបន្តដាក់សម្ពាធ លើសេដ្ឋកិច្ចអឺរ៉ុបដដែល។

ភាពតានតឹងភូមិសាស្ត្រនយោបាយ ជាពិសេសជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងអូសបន្លាយបន្តទៀត ដូច្នេះហើយតម្លៃ ថាមពល និងតម្លៃទំនិញសំខាន់ៗជាច្រើនទៀតនឹង បន្ត មានតម្លៃខ្ពស់ ហើយខ្សែសង្វាក់ផ្គត់ផ្គង់នឹងត្រូវរង្គោះរង្គើ ជាពិសេសនៅក្នុងទីផ្សារថាមពល និងទីផ្សារសឺមីកុងឌុចទ័រ (Semiconductor)។ ដោយឡែក តម្លៃឧស្ម័នធម្មជាតិ និងប្រេងនឹងនៅតែខ្ពស់នៅឆ្នាំក្រោយ ដោយសារការផ្គត់ផ្គង់ពី ប្រទេសរុស្ស៊ីត្រូវបានរំខានដោយសារភ្លើងសង្គ្រាម។

ហើយកង្វះខាតសឺមីកុងឌុចទ័រ ទំនងជានឹងបន្តរហូតដល់ ឆ្នាំ២០២៤ ព្រោះប្រទេសចិនមិនអាចផលិតបាននោះទេ ដោយសារតែសហរដ្ឋអាមេរិកបានហាមឃាត់ការនាំចេញផ្នែកខ្លះនៃសឺមីកុងឌុចទ័រ ទៅកាន់ប្រទេសចិន។

យ៉ាងណាក៏ដោយ យើងឃើញថាមានរោងចក្រផលិតគ្រឿង អេឡិចត្រូនិកថ្មីជាច្រើន ដែលចំណាយអស់រាប់ពាន់លានដុល្លារ អាមេរិក កំពុងត្រូវបានសាងសង់នៅក្រៅប្រទេសចិន ប៉ុន្តែយ៉ាង ហោចណាស់ក៏ត្រូវការរយៈពេលពីរឆ្នាំ ដើម្បីអាចបញ្ចប់និងដាក់ ចេញប្រតិបត្តិការ។

ទាំងនេះជាកត្តាចម្បងនៃឧបសគ្គដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃ ដោយសារប្រទេសថៃពឹងផ្អែកលើការនាំចូល ថាមពល និងសឺមីកុងឌុចទ័ ដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មរថយន្ត និងគ្រឿងអេឡិចត្រូនិកនៅក្នុងស្រុក។

អត្រាអតិផរណានៅក្នុងប្រទេសថៃត្រូវបានព្យាករដោយធនាគារកណ្តាលថៃថា ជាមធ្យមប្រមាណជា ២,៥ភាគរយ ក្នុងឆ្នាំ ២០១៣ ធៀបនឹង ៦,៥ភាគរយ នៅឆ្នាំនេះ។

ការជួយជ្រោមជ្រែង ពីសំណាក់រាជរដ្ឋាភិបាលថៃ និងផលិតករ ថៃដែលបានខិតខំប្រឹងប្រែងរក្សាតម្លៃទីផ្សារឱ្យស្ថិតនៅថេរ កំពុងត្រូវបានកាត់បន្ថយជាបណ្តើរៗ ដោយសារអំណាចទិញ ក្នុងស្រុកត្រូវបានគេរំពឹងថានឹងងើបឡើងវិញនៅឆ្នាំក្រោយ។ ការជួយរក្សាតម្លៃទីផ្សារឱ្យនៅថេរទាំងអស់នោះរួមមានការដំឡើងថាមពលអគ្គិសនី ការដំឡើងប្រាក់ឈ្នួលអប្បបរមា ៥ភាគរយ ចាប់ តាំងពីខែតុលា ឆ្នាំ២០២២ និងការកាត់បន្ថយចំណាយ ពេលផ្ទេរទំនិញពីអ្នកផលិតទៅកាន់អ្នកប្រើប្រាស់។ ដោយឡែក សម្រាប់តម្លៃប្រេងម៉ាស៊ូតទំនងជានឹងបន្តថេរនៅត្រឹម ៣៥ បាតថៃ (ស្មើនឹងប្រមាណ ៤១០០រៀល) ក្នុងមួយលីត្រ។

អត្រាការប្រាក់ក្នុងស្រុកនៅប្រទេសថៃក៏នឹងកើនឡើងផងដែរនៅឆ្នាំ២០២៣។ សម្រាប់ឆ្នាំនេះ អត្រាការប្រាក់បានកើន ឡើងដល់ ១,២៥ភាគរយបើគិតនៅដើមឆ្នាំគឺត្រឹមតែ ០,៥ភាគរយ ប៉ុណ្ណោះ។ តួលេខនេះត្រូវបានគេព្យាករថានឹងកើនឡើងដល់ ២ភាគរយ នៅដំណាច់ឆ្នាំក្រោយ ដោយសារអត្រាការប្រាក់របស់ សហរដ្ឋ អាមេរិក និងតម្រូវការក្នុងស្រុកបន្តកើនឡើង។

កត្តានេះនឹងនាំឱ្យមានការកើនឡើងនូវអត្រាប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មជាច្រើនផងដែរ។ កន្លងមក នៅពេលដែលអត្រាការប្រាក់កើនឡើងដល់ ១ភាគរយធនាគារ ពាណិជ្ជកម្មភាគច្រើននឹងដំឡើងអត្រាការប្រាក់របស់ពួកគេចំនួន ០,៦ភាគរយ រយៈពេលពីមួយទៅពីរខែ។

ការបើកប្រទេសឡើងវិញរបស់ចិនគឺជាក្តីសង្ឃឹមសម្រាប់ការនាំចេញរបស់ថៃ និងវិស័យទេសចរណ៍នៅឆ្នាំក្រោយ។ ការនាំចេញទៅកាន់ប្រទេសចិនដែលជាទីផ្សារនាំចេញធំជាងគេទីពីររបស់ថៃ បានធ្លាក់ចុះក្នុងឆ្នាំនេះ ដោយសារតែគោល នយោបាយ កូវីដសូន្យរបស់ចិនបានបង្អាក់តម្រូវការរបស់ ពលរដ្ឋចិន។

ភ្ញៀវទេសចរចិនក៏មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសដោយសេរីដែរ។ យ៉ាងណាក៏ដោយ ប្រទេសចិនកំពុងបន្ធូរ បន្ថយគោលនយោបាយកូវីដសូន្យរបស់ខ្លួន ហើយគេរំពឹងថា ចិននឹងបើកឱ្យមានការធ្វើដំណើរចេញចូលធម្មតាវិញនៅខែមេសា ឆ្នាំ២០២៣ ខាងមុខ។

នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ការនាំចេញ និងវិស័យ ទេសចរណ៍ របស់ថៃ ប៉ុន្តែវិស័យធុរកិច្ចថៃមិនគួរសង្ឃឹមខ្ពស់ លើទីផ្សាររបស់ប្រទេសចិនឡើយ ដោយសារតែហានិភ័យ នៃការរីករាលដាលកូវីដ១៩ អាចនឹងកើតមានម្ដងទៀតអំឡុង ពេលប៉ុន្មានខែដំបូងនៃការបន្ធូរបន្ថយវិធានការកូវីដ។ បើដូច្នេះមែន វានឹងបណ្តាលឱ្យមានការរំខានដល់សង្វាក់ ផលិតកម្មនៅក្នុងប្រទេសចិនសាជាថ្មី ព្រោះមនុស្សធ្លាក់ខ្លួនឈឺ ហើយចាំបាច់ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកដទៃថែមទៀត។

ដោយមើលឃើញពីស្ថានភាពនៅក្នុងប្រទេសចិន និងភាព តានតឹង ផ្នែកភូមិសាស្ត្រនយោបាយ ក្រុមហ៊ុនអន្តរជាតិជាច្រើន បានផ្លាស់ប្តូរទីតាំងពីប្រទេសចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ រហូតមកដល់ពេលនេះ ប្រទេសថៃគឺជាប្រទេសគោលដៅ ធំ ទីពីររបស់ក្រុមហ៊ុនយក្សទាំងអស់នោះចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនក្នុងឆ្នាំ២០១៨ ដោយ វៀតណាមជាប្រទេសគោលដៅធំជាងគេ។

ក្រុមហ៊ុនទាំងនោះ ជាទូទៅផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ ពួកគេ សម្រាប់តែទំនិញណាដែលត្រូវនាំចេញតែប៉ុណ្ណោះ ខណៈដែលទំនិញនាំចូលទីផ្សារចិនត្រូវបានរក្សាផលិតកម្មនៅក្នុងប្រទេសចិនដដែល។ ការផ្លាស់ទីតាំងមកកាន់ប្រទេសថៃ ភាគច្រើនគឺវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ដូចជារថយន្ត និង គ្រឿងបន្លាស់ រួមទាំងរថយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនី គីមីឥន្ធនៈ និងបច្ចេកវិទ្យាព័ត៌មាន និងមជ្ឈមណ្ឌលទិន្នន័យជាដើម។

ដើម្បីទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន ប្រទេសថៃ ត្រូវកំណត់ទីតាំងខ្លួនឯងដោយផ្អែកលើភាពខ្លាំងរបស់ខ្លួន ថាជាអ្នកផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលឈានមុខគេនៅក្នុងតំបន់ ក៏ដូចជាមូលដ្ឋានផលិតកម្មបៃតង និងកាបូនទាបជាងគេ។

ដោយយោងទៅលើកត្តាខាងលើទាំងអស់នេះ បានធ្វើឱ្យ ឆ្នាំ២០២៣ ក្លាយជាឆ្នាំនៃភាពមិនច្បាស់លាស់ ដោយសារតែ និន្នាការវិជ្ជមាន និងហានិភ័យក៏មានច្រើនដូចគ្នា។ ភាពមិនច្បាស់លាស់មួយដ៏ធំនោះគឺថាតើការបើកប្រទេសចិនអាចនឹងមានភាពរលូនដែររឺទេ ព្រោះប្រសិនបើអត្រាវិជ្ជមាន កូវីដ១៩កើនឡើងខ្លាំង នោះគោលនយោបាយកូវីដសូន្យ អាចនឹងត្រូវបានអនុវត្តឡើងវិញ។

ការផ្លាស់ប្ដូរបរិបទភូមិសាស្ត្រនយោបាយដែលមិនអាចដឹងមុន បានបង្ហាញពីហានិភ័យសម្រាប់តម្លៃថាមពល ការរំខានដល់ ខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្លាក់ចុះសេដ្ឋកិច្ចសកលកាន់តែ ជ្រៅទៅៗ៕
ដោយ៖ ធា សុខណា

https://www.bangkokpost.com/opinion/opinion/2465380/uncertainty-ahead-for-thai-economy

ads banner