កម្លាំងនគរបាលជាតិ ២ផែន ចំនួន ២៤០នាក់ ហាត់សមរួមគ្នា ដើម្បីត្រៀមចូលរួមអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ យោង តាមប្រភពព័ត៍មានពី អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី ២៣ ខែធ្នូ ឆ្នាំ ២០២២នេះ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុញ្ញាតឲ្យកងកម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការហាត់សម ដើម្បីចូលរួមអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៣ ខែធ្នូ នេះកម្លាំងនគរបាលជាតិ ចំនួន ២ផែន ស្មើរនឹង ២៤០រូប រួមមាន៖
១-នាយកដ្ឋាននគរបាលការពារ ទទួលខុសត្រូវរៀបចំកងកម្លាំងនគរបាលជាតិ ក្នុងឯកសណ្ឋានសាហារីយ៉ែន និងរៀបចំអ្នកកាន់ទង់ គ្រូបង្វឹក ទទួលគ្រប់គ្រងការហ្វឹកហាត់សមរួម សរុបចំនួន ៤៨រូប ។
២-ផែនអង្គភាពតម្រួតបទបញ្ជា ទទួលខុសត្រូវរៀបចំផែននគរបាលជាតិ ឯកសណ្ឋានប្រយុទ្ធ និងរៀបចំអ្នកកាន់ទង់ គ្រូបង្វឹក សរុបចំនួន ២២រូប។
៣-ផែនអង្គភាពអន្តរាគមន៍ ទទួលខុសត្រូវរៀបចំផែននគរបាលជាតិ ឯកសណ្ឋានប្រយុទ្ធ និងរៀបចំអ្នកកាន់ទង់ គ្រូបង្វឹក ១ផែន ស្មើនឹង ១១០រូប និងកងកម្លាំងឯកសណ្ឋានសាហារីយែន សរុបចំនួន ៥០រូប ។
សូមបញ្ជាក់ថា ការហាត់សមរួមគ្នារបស់កម្លាំងទាំង២ផែន ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាលផងដែរ៕ដោយ ៖ ប៊ុនធី និងភារ៉ា

