ប្តីប្រពន្ធអាមេរិកមួយគូ អាចប្រឈមទោសប្រហារជីវិត ពីបទ ជួញដូរនិងធ្វើទារុណកម្មកុមារជនជាតិអ៊ូហ្គង់ដា
អ៊ូហ្គង់ដា៖ប្តីប្រពន្ធជនជាតិអាមេរិកមួយគូ អាចប្រឈមមុខ និង ការកាត់ទោសប្រហារជីវិត បន្ទាប់ពីរដ្ឋអាជ្ញាអ៊ូហ្គង់ដា បានចោទ ប្រកាន់ពួកគេក្នុងការជួញដូរកុមារ និងការធ្វើទារុណ កម្មទៅលើ កូន ប្រុសចិញ្ចឹមជនជាតិអ៊ូហ្គង់ដា កាលពីថ្ងៃពុធកន្លងទៅនេះ។
Nicholas Spencer និងប្រពន្ធរបស់គាត់ Mackenzie Leigh Mathias Spencer មានអាយុ៣២ឆ្នាំដូចគ្នា ត្រូវបាន អាជ្ញាធរនៃប្រទេសអ៊ូហ្គង់ដា ចាប់ឃុំខ្លួនកាលពី ថ្ងៃទី៩ខែធ្នូ ក្រោមការចោទប្រកាន់ពីបទប្រើអំពើហិង្សា យ៉ាងធ្ងន់ធ្ងរទៅ លើកូនប្រុសចិញ្ចឹមអាយុ ១០ឆ្នាំរបស់ពួកគេបង្ខំ ឱ្យដោះសម្លៀក បំពាក់ចេញ រួចដាក់ក្នុងបន្ទប់ត្រជាក់តូចមួយ។ ទង្វើនេះត្រូវបានប្រព្រឹត្តជារៀងរាល់ថ្ងៃចាប់តាំងពីពួកគេទទួលចិញ្ចឹមក្មេងពីមណ្ឌលថែរក្សាក្នុងប្រទេសចាត់តាំងពីឆ្នាំ២០២០មកម្ល៉េះ។
យោងទៅតាមឯកសាររបស់តុលាការបានឱ្យដឹងថា ការចាប់ខ្លួន នេះធ្វើឡើងក្រោយពេលមានការជូនដំណឹងពីបុគ្គលិកបម្រើការងារនៅក្នុងផ្ទះរបស់ពួកគេនៅឯរដ្ឋធានី Kampala និងបានរក ឃើញវីដេអូជាច្រើននៅក្នុងកាមេរ៉ាសុវត្ថិភាព CCTV បង្ហាញពីការ ធ្វើ ទារុណកម្មទៅលើកូនចិញ្ចឹមខ្លួន។
ក្រុមអ្នកស៊ើបអង្កេតប្រទេស បានឱ្យដឹងថា នៅក្នុងកាមេរ៉ា សុវត្ថិភាព គេឃើញប្តីប្រពន្ធមួយគូនេះបង្ខំឱ្យជនរងគ្រោះ ដើរជើងទទេរ ដោះខោអាវចេញ និងអង្គុយក្នុងឥរិយាបទ ច្រងេងច្រងាង រួចបែរមុខទៅរកជញ្ជាំងដៃលាតចេញ បង្ខំ ឱ្យអង្គុយនៅលើដើមឈើផ្ទះរបស់ពួកគេពេញមួយយប់ ដោយមិនមានពូកសម្រាប់ឱ្យគេង និងញាំបានតែអាហារ នៅក្នុងទូទឹកកកប៉ុណ្ណោះ។ ក្រុមស៊ើបអង្កេត បានបន្ថែម ទៀតថា ជនរងគ្រោះអាចទទួលរងនូវការធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរជាងនេះទៀត នៅពីក្រោយកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានរកឃើញ។
នៅចំពោះមុខតុលាការ ប្តីប្រពន្ធមួយគូរនេះ បានបដិសេធពី បទទារុណកម្មដ៏ធ្ងន់ធ្ងរនេះ។ ប៉ុន្តែយោងទៅតាមសន្លឹក ចោទប្រកាន់ថ្មីមួយទៀតដែលបង្ហាញកាលពីថ្ងៃពុធកន្លងទៅនេះក្រោមបទ កេងប្រវ័ញ្ចលុយចិញ្ចឹមកុមារ ដែលពួកគេអាច នឹងជាប់ចោទពីបទជួញដូរកុមារយ៉ាងធ្ងន់ធ្ងរដែលតម្រូវឱ្យមានទោសប្រហារជីវិត។
អ្នកនាំពាក្យប៉ូលិសនៃរដ្ឋធានី Kampala លោក Patrick Onyango បានអះអាងថា ប្តីប្រពន្ធនេះបានប្រើកូនចិញ្ចឹម ដើម្បីទារប្រាក់ពីម្ចាស់ជំនួយ។
លោកបាននិយាយថា៖«យើងមិនច្បាស់ថាប្តីប្រពន្ធមួយគូនេះកំពុងធ្វើអ្វីនៅអ៊ូហ្គង់ដាទេព្រោះពួកគេមិនមានប័ណ្ណការងារ»។ លោក Onyango ឱ្យដឹងថា នៅអ៊ូហ្គង់ដា ច្បាប់ពិតជាអនុញ្ញាត ឱ្យជនបរទេសមានកូនចិញ្ចឹមបាន។
មេធាវីកាពារក្តីឱ្យប្តីប្រពន្ធមួយគូនេះ ដែលមិនត្រូវបាន បង្ហាញ អត្តសញ្ញាណ ត្រូវបានដកស្រង់ដោយកាសែត Ugandan the Monitor បានច្រានចោលការចោទប្រកាន់នេះ ដោយបាន លើកឡើងថា អាជ្ញាធរ មិនមានភស្តុតាងទេ។
ចំណែកការចោទប្រកាន់ថ្មីនោះក៏មិនសមហេតុផលដែរ។
យ៉ាងណាក៏ដោយ ស្ថានទូតអាមេរិកនៅទីក្រុង kampala កាលពីថ្ងៃពុធកន្លងទៅនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើការចោទប្រកាន់ចុងក្រោយនេះទេ ដោយខ្លួនបាន ប្រាប់ សារព័ត៌មានរ៉យទ័រ កាលពីសប្តាហ៍មុនថា ពួកគេបាន ដឹង ដំណឹងនេះ ហើយកំពុងតាមដានស្ថានការណ៍ និងពិចារណា លើរឿងនេះ៕
ដោយ៖ ឡេង អារីតា
