យុវតី ឆម ស្រីផាច ឆក់យកចិត្តអ្នកលេងបណ្ដាញ សង្គម ដោយ ភាពជាខ្លួនឯង
ភ្នំពេញ៖ការរស់នៅជាមួយភាពជាខ្លួនឯងគឺពិតជាសំខាន់ ណាស់ ប៉ុន្តែក៏មិនស្រួលពេកដែរ ព្រោះសង្គមបច្ចុប្បន្ន គេច្រើនតែកំណត់ភាពស្តង់ដារនៃការរស់នៅ។ ស្តង់ដារ ទាំងនោះ អាចរួមមាននូវ ការតុបតែងខ្លួនស្អាត ការមាន មុខរបរមួយត្រឹមត្រូវ ការនិយាយ សម្ដីសំដៅស្របទៅនឹងអ្វី ដែលមនុស្សភាគច្រើនធ្វើជាដើម។
ដើម្បីឱ្យការរស់នៅចុះសម្រុងជាមួយមនុស្សឯទៀត អ្នកខ្លះ ក៏ត្រូវបង្ខំចិត្តធ្វើយ៉ាងណាឱ្យសមរម្យ ឬហៅថា «ចូល ចំណោមគេឱ្យចុះ»។ ផ្ទុយស្រឡះពីស្តង់ដារទាំងឡាយ យុវតី ឆម ស្រីផាច បានបង្ហាញនូវសកម្មភាពនៃការរស់នៅជាខ្លួនឯង ហើយគួរឱ្យភ្ញាក់ផ្អើលដែលសកម្មភាពទាំងនោះ បានទាញ ចិត្តអ្នកនិយមលេងបណ្ដាញសង្គមឱ្យស្រឡាញ់ចូលចិត្តយុវតីរូបនេះរហូតទៅដល់រាប់លាន នាក់។
យុវតី ឆម ស្រីផាច គឺជាអ្នកផលិតមាតិកាវីដេអូនៅលើ បណ្ដាញ សង្គម ដែលផ្ដោតសំខាន់លើការធ្វើ ម្ហូបប្លែកៗបែបស្រុកស្រែ ដែលខ្លួនរស់នៅ។ក្នុងរាល់វីដេអូដែលបានបង្ហោះ យុវតីរូប នេះកម្រចេះតុបតែងខ្លួនដូចជានារីឯទៀតណាស់ ពោលគឺ ដូចជាអ្វីដែលកញ្ញាតែងតែធ្វើរាល់ថ្ងៃ។
បើមើលទៅលើឥរិយាបថវិញ កញ្ញាក៏មិនរៀបប្ញកពាដូចអ្វីដែល មនុស្សស្រីគួរធ្វើនោះដែរ និយាយជារួម គឺការដើរ ឈរ អង្គុយ ហូបចុក គឺធ្វើទៅតាមទម្លាប់របស់ខ្លួន។
ទើបតែចាប់ផ្ដើមផលិតមាតិកាវីដេអូបានប្រមាណជាជិតប្រាំខែក៏ពិតមែនតែនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ទទួលបានអ្នកគាំទ្ររហូតទៅដល់ជាង ១,២លាននាក់ ដែលចំនួននេះគឺពិតជាច្រើនលើសលប់ បើធៀបជាមួយនឹង អ្នកផលិតមាតិកាវីដេអូទូទៅ។
ដោយឡែក កញ្ញា ឆម ស្រីផាច គឺជានិស្សិតផ្នែកជំនួញ (Business) ដែលទើបតែបញ្ចប់ការសិក្សា នាឆ្នាំ ២០២២នេះ គឺមុនពេលដែលកញ្ញាចាប់ផ្ដើមផលិតវីដេអូ។ មានស្រុក កំណើតនៅខេត្តបន្ទាយមានជ័យ យុវតីវ័យ ២៤ឆ្នាំរូបនេះ មានការនិយាយស្ដីរដឺន ទៅតាមរបត់នៃអ្នកស្រុករបស់ខ្លួន។ ប៉ុន្តែអ្នកទស្សនាហាក់ដូចជាពេញចិត្ត និងទទួលយកនូវចំណុ ចប្លែក របស់នាងដោយមិនស្ទាក់ស្ទើរ ឡើយ។
ដោយខ្លួនជាកូនអ្នកស្រែចម្ការស្រាប់ យុវតីរូបនេះតែងតែនាំមក នូវទិដ្ឋភាពប្លែកៗនៃការរស់នៅ និងហូបចុកដែលភាពច្រើនមាន ប្រភពចេញពីចម្ការរបស់ឪពុកខ្លួនផ្ទាល់។
វីដេអូភាគច្រើនរបស់នាង គឺមានប្អូនប្រុសភ្លោះជាអ្នកថតឱ្យ ព្រមទាំងមានសំឡេងរដឺនៗរបស់នាងបញ្ចូលបន្ថែមផងដែរ។
វីដេអូចម្រុះដែលជួនកាលកញ្ញាត្រូវទៅចម្អិនអាហារលើភ្នំ តាមវាលស្រែ ហូបអាហារបណ្ដែតក្បូនលើស្រះទឹក ចុះចាប់ ត្រីតាមប្រឡាយ គាស់មើមដំឡូងស្រស់ៗពីចម្ការ សុទ្ធសឹង តែជាអ្វីដែលអ្នកលេងបណ្ដាញសង្គមកម្រនឹងបានឃើញ ដូច្នេះហើយគ្រប់មាតិការបស់កញ្ញាសុទ្ធតែបានទាក់ទាញចិត្តអ្នកគាំទ្រឱ្យតាមដាន និងចង់មើលវីដេអូផ្សេងៗទៀត។
កញ្ញាបានបញ្ជាក់អំពីដើមហេតុនៃការធ្វើមាតិកាវីដេអូរបស់ខ្លួនថា៖ «ទាំងនេះគឺដោយសារតែខ្ញុំមាន បងប្រុសជាអ្នកជំរុញ ព្រោះគាត់ជាអ្នកផលិតវីដេអូស្រាប់ ហើយគាត់ចង់ឱ្យខ្ញុំធ្វើដូច គាត់ដែរ»។
ដោយឡែក វាក៏មិនស្រួលពេកដែរ ក្នុងការកំណត់បង្ហោះវីដេអូ ចំនួន ពីរក្នុងមួយថ្ងៃ ដោយកញ្ញាត្រូវ ចំណាយពេលមួយថ្ងៃ ពេញដែលប្រៀបបានទៅនឹងការងារពេញម៉ោងនោះដែរដើម្បីអាចសម្រេចបានតាមការគ្រោងទុក។
ម្យ៉ាងកញ្ញាក៏ជួបនូវកង្វះខាតផ្នែកថវិកាផងដែរដោយត្រូវទិញម្ហូប និងរបស់ចាំ បាច់ផ្សេងៗសម្រាប់ថតវីដេអូ។រហូត មក ដល់ ពេលនេះ កញ្ញាមានភាពប្រសើរជាងមុនដោយ សារតែ មួយចំ ណែកកញ្ញាអាចរកបានពីម្ចាស់ហាង ឬម្ចាស់ផលិតផលនានា។ យ៉ាងណាមិញ បើទោះបីជាបច្ចុប្បន្ននេះ កញ្ញាទទួលបាន ការកោតសរសើរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពី បណ្ដា អ្នកគាំទ្រតាមបណ្ដាញសង្គមក្ដី យុវតីសម្បុរស្រអែម រូបនេះក៏មិនភ្លេចនោះដែរ នូវចំណុចពិសេសរបស់ខ្លួនគឺ «ភាពជាខ្លួនឯង»។
យុវតីរូបនេះនៅតែរក្សាបាននូវការស្លៀកពាក់ ការតុបតែងខ្លួន ការនិយាយស្ដី ឥរិយាបថដូចទៅនឹង វីដេអូដំបូងៗរបស់ខ្លួនដែរ និយាយរួមគឺកញ្ញានៅតែរស់នៅក្នុងជីវិតដ៏សាមញ្ញមិនហ៊ឺហា។ ហើយចំណុចទាំងនេះហើយដែលញុំាងឱ្យអ្នកគាំទ្រទទួលស្គាល់ ភាពស្រស់ស្អាតពីខាងក្នុងរបស់កញ្ញា។
កញ្ញាក៏បានបង្ហើបប្រាប់ផងដែរអំពីការមានគម្រោងបន្តទៀតនៅពេលឆាប់ៗខាងមុខ៖ «សម្រាប់ ផែនការទៅមុខទៀតគឺមាន ប៉ុន្តែខ្ញុំសុំលាក់សិនដោយចង់ឱ្យពុកម៉ែបងប្អូនភ្ញាក់ផ្អើល ព្រោះខ្ញុំនឹងរកអ្វីប្លែកដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនា»៕
ដោយ៖ កែវ បុស្បា


