កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជុំវិញការផ្គត់ផ្គង់អាវុធជួយដល់រុស្ស៊ី

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសកូរ៉េខាងជើងបានរិះគន់របាយការណ៍របស់សហរដ្ឋអាមេរិក ហើយចាត់ទុកវាជារឿង “មិនសមហេតុផល” ដែលថា កងកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ី និងក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner Group បានទទួលការដឹកជញ្ជូនគ្រាប់រ៉ុក្កែត និងមីស៊ីលរបស់កូរ៉េខាងជើង ដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះកើតឡើង បន្ទាប់ពីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ឃើប៊ី បាននិយាយក្នុងថ្ងៃសុក្រសប្តាហ៍នេះថា កូរ៉េខាងជើងបានបញ្ជូនឃ្លាំងអាវុធដំបូងទៅកាន់ក្រុមហ៊ុន Wagner ដែលកំពុងស្វែងរកទូទាំងពិភពលោកសម្រាប់ក្រុមហ៊ុនផលិតអាវុធ ដែលអាចផ្គត់ផ្គង់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

លោក ឃើប៊ី បានប្រាប់អ្នកយកព័ត៌មានថា យើងអាចធ្វើការបញ្ជាក់បានថា កូរ៉េខាងជើងបានបញ្ចប់ការបញ្ជូនអាវុធលើកដំបូងទៅឱ្យអង្គភាពយោធាឯកជន Wagner ដែលបានទិញពីពួកគេ។ តួយ៉ាង កាលពីខែមុន កូរ៉េខាងជើងក៏បានបញ្ជូនគ្រាប់រ៉ុក្កែត និងម៉ីស៊ីលចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីឱ្យក្រុមទាហានស៊ីឈ្នួល Wagner ប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះ អាមេរិកក៏បានធ្វើការប៉ាន់ប្រមាណដែរថា ក្រុម Wagner នេះ បច្ចុប្បន្នមានយោធាចំនួន ៥០,០០០នាក់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះ ១០,០០០នាក់ គឺជាយោធាជាប់កិច្ចសន្យា និង ៤០,០០០នាក់ទៀត គឺសុទ្ធសឹងតែជាអ្នកទោសដែលត្រូវបានជ្រើសរើសចេញពីពន្ធនាគាររុស្ស៊ី។

ទោះជាយ៉ាងណា ស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនយោធាឯកជន Wagner លោក Yevgeny Prigozhin បានបដិសេធការលើកឡើងដោយសេតវិមាននេះ ដោយចាត់ទុកថា ជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ៕ ប្រភព៖ Aljazeera ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner