សហរដ្ឋអាមេរិក កត់ត្រាពីចំនួនអ្នកស្លាប់ប្រមាណ ១២,០០០នាក់ដោយសារជំងឺផ្តាសាយនៅក្នុងឆ្នាំនេះ
ឡូ អាន់ជីឡេស៖ យ៉ាងហោចណាស់មានអ្នកជំងឺប្រមាណ ១៨លាននាក់នៅទូទាំងសហរដ្ឋអាមេរិក ដែលកើតជំងឺគ្រុនផ្តាសាយក្នុងរដូវកាលនេះ ក្នុងនោះ ១៩០,០០០នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ១២,០០០នាក់ទៀតបានស្លាប់។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយបំផុត ដែលចេញផ្សាយក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC)។
មជ្ឈមណ្ឌល CDC បានឱ្យដឹងថា ការរីករាលដាលនៃជំងឺផ្តាសាយតាមរដូវនៅតែមានកម្រិតខ្ពស់ ប៉ុន្តែកំពុងធ្លាក់ចុះនៅក្នុងតំបន់ភាគច្រើន។ ទិន្នន័យរបស់ CDC បានបង្ហាញថា មនុស្សជាង ២០,៧០០នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺផ្តាសាយនៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍ចុងក្រោយ ដែលបញ្ចប់នៅថ្ងៃទី១៧ ខែធ្នូនេះ។
ករណីស្លាប់របស់កុមារដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយមានចំនួន ១៧នាក់ត្រូវបានរាយការណ៍នៅសប្តាហ៍នេះ ធ្វើឱ្យចំនួនកុមារស្លាប់ដោយសារជំងឺគ្រុនផ្តាសាយសរុបចំនួន ៤៧នាក់ ដែលត្រូវបានរាយការណ៍មកទល់ពេលនេះក្នុងរដូវកាលនេះ។ ទន្ទឹមគ្នា មជ្ឈមណ្ឌល CDC បានជំរុញឱ្យសាធារណៈជនត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំ ដើម្បីការពារការឆ្លង និងឈឺធ្ងន់ធ្ងរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា




