ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរាំងឪ ដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៤ ដើម្បីធានាសុវត្ថិភាពសណ្តាប់ធ្នាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សស្រុកអូររាំងឪបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្ស
ចុះមូលដ្ឋានស្រុកប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ។
ឯកឧត្តម អ៊ាង សុផាល្លែត ក្នុងនាមប្រធានក្រុមការងារ បានគូសបញ្ជាក់ និងរំលឹកថា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៤ ដើម្បីធានាសុវត្ថិភាពសណ្តាប់ធ្នាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនស្រុកអូររាំងឪ រួមមាន ៖ ១-លុបបំបាត់ភាពក្រីក្រ ។ ២- លុបបំបាត់គ្រឿងញៀន ល្បែងស៊ីសង ។ ៣- លើកកម្ពស់សីលធម៌សង្គម ។ និងទី៤- អភិវឌ្ឍធនធានមនុស្ស ។
ឯកឧត្តមក៏បានអបអរសាទរដល់សិស្សានុសិស្សទូទាំងស្រុកអូររាំងឪដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ ជាពិសេសក្មួយៗទាំង ៧នាក់ដែលជាប់និទ្ទេស A ក្នុងចំណោមសិស្សនិទ្ទេស A ២៩នាក់ ទូទាំងខេត្តត្បូងឃ្មុំ ។ ជាមួយនឹងសំឡេងគាំទ្រការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកអូររាំងឪ នាពេលកន្លងទៅ ឯកឧត្តម បានជំរុញក្រុមការងារ និងសមាជិក សមាជិកាទាំងអស់ បន្តកសាងអំពើល្អរក្សាចាស់បង្កើតថ្មី ឆ្លើយតបឱ្យបានទាន់ពេលវេលា ដោះស្រាយរាល់ទុក្ខលំបាក និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីបន្តរក្សាប្រៀបឈ្នះ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ ៕ ដោយ ហេង សម្បត្តិ




