សម្ដេចតេជោ ហ៊ុន សែន៖ មិត្តចិន បានជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ មានផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ចំណាយថវិកាជាង ២ពាន់លានដុល្លារ
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មិត្តចិនជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ផ្លូវ ស្ពាន ជាដើម រយៈពេលកន្លងទៅមានផ្លូវជាង ៣០ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយថវិកាជាង ២ពាន់លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងពេលកន្លងទៅនេះ។
សម្ដេចតេជោ បានបញ្ជាក់ថា មិត្តចិន បានជួយយើង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាក់ទងជាមួយនឹង ផ្លូវ ស្ពាន ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ ដែលក្នុងនោះ មកដល់ពេលនេះ មិត្តចិនបានចូលរួមចំណែកជួយសាងសង់ផ្លូវជាងចំនួន ៣០ខ្សែរ មានប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ចំណាយថវិកាអស់ជាង ២ពាន់លានដុល្លារ។
សម្ដេច បន្ដថា នៅមានគម្រោងជាច្រើនទៀត ដែលមិត្តចិនជួយអភិវឌ្ឍន៍កម្ពុជា ដោយចំណាយថវិកាជាង ៥០០លានដុល្លារ។ រីឯស្ពានធំៗ ចំនួន៩ កន្លែងទៀត បានកំពុងកសាងរួច នឹងកំពុងកសាងជាបន្ដបន្ទាប់ទៀត។ សម្ដេច បានបន្ថែមថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេច នឹងបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេង្គ ខេត្តក្រចេះ។
លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងដែរថា ជោគវាសនារួម ក្នុងភាពជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតឱ្យមានជំនឿទុកចិត្តគ្នា ទៅវិញ ទៅមក ៕ ដោយ វណ្ណលុក


