ការថែរក្សា និង អង្កេតពងកូនរបស់សត្វត្រយងយក្សគឺជារឿងសំខាន់មួយរបស់ក្រុមអ្នកអភិរក្ស
ភ្នំពេញ៖ ការថែរក្សានិងអង្កេតសំបុកពងកូនរបស់សត្វត្រយងយក្សគឺជាកិច្ចការងារដ៏សំខាន់មួយរបស់ក្រុមអ្នកអភិរក្សដើម្បីឱ្យច្បាស់ថា គ្មានការរំខានដោយមនុស្សទៅលើសំបុករបស់វារហូតដល់កូនត្រយងដែលញាស់អាចហើរចេញពីសំបុកបាន។នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។
បញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖ ប្រភេទសត្វត្រយងយក្ស ឬប្រជាសហគមន៍តែងហៅថាសត្វឪលើក ហើយជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះមានប្រមាណជាង ៣០០ ក្បាលប៉ុណ្ណោះលើពិភពលោក ហើយ ៩៩ភាគរយ មានវត្តមានក្នុងប្រទេសកម្ពុជាក្នុងនោះសត្វត្រយងយក្សពេញវ័យមានតិចជាង ២០០ក្បាល ។
ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ ក្រោមការគាំទ្របច្ចេកទេសពីអង្គការដៃគូអភិរក្ស មន្ទីរបរិស្ថានខេត្ត និងដៃគូអភិរក្សបានជ្រើសរើសអ្នកភូមិដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិហើយក្នុងនោះក៏មានអ្នកធ្លាប់ដាក់អន្ទាក់ចាប់សត្វ បរបាញ់សត្វផងដើម្បីយាមសំបុកសត្វស្លាបសំខាន់ៗមួយចំនួនរួមមាន៖ ត្រយងយក្ស ត្រយងចង្កំកស ត្រដក់តូច ដំបងគ្រញូង ពពូលទឹក ត្មាតភ្លើង ក្រៀល ទាព្រៃស្លាបស និងកុកពាក់អំបោះជាដើម។
ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់បន្ថែមថា៖ប្រជាពលរដ្ឋដែលបានឃើញសំបុកពងកូនសត្វហើយរាយការណ៍មកក្រុមស្រាវជ្រាវជីវៈចម្រុះ នឹងត្រូវទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០,០០០រៀល ($១០) រីឯអ្នកយាមសំបុកពងកូនសត្វនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣៦,០០០រៀល ($៩) សម្រាប់មនុស្សពីរនាក់ក្នុងមួយថ្ងៃ៕ដោយ៖ម៉ាដេប៉ូ



