អ៊ីរ៉ង់ចាប់ខ្លួនមេដឹកនាំកុប្បកម្ម ៧នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអង់គ្លេស
តេហេរ៉ង់៖ អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃអាទិត្យម្សិលមិញថា ពួកគេបានចាប់ខ្លួន “មេដឹកនាំកុបកម្មនាពេលថ្មីៗនេះ” ចំនួន៧នាក់ ដែលមានទំនាក់ទំនងជាមួយចក្រភពអង់គ្លេស។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាខា IRGC នៃខេត្ត Kerman ភាគខាងត្បូងបានរុះរើ “បណ្តាញរៀបចំមួយហៅថា Zagors ដែលត្រូវបានដឹកនាំដោយផ្ទាល់ដោយសមាសធាតុមកពីចក្រភពអង់គ្លេស ហើយបានបង្កើតក្រុមប្រឆាំងបដិវត្តន៍សកម្មនៅក្នុង និងក្រៅប្រទេស។ IRGC បានចោទប្រកាន់ថា មនុស្សទាំង៧នាក់ខាងលើនេះ បានចូលរួមក្នុងការធ្វើផែនការ ដឹកនាំ ផលិតខ្លឹមសារ និងសកម្មភាពផ្សេងៗនៅក្នុងកុប្បកម្មនាពេលថ្មីៗនេះក្នុងប្រទេសអ៊ីរ៉ង់។
IRGC បន្ថែមថា សមាជិកមួយចំនួនក្នុងចំណោមពួកគេមានសញ្ជាតិពីរ ដែលកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសអ៊ីរ៉ង់។ ជាមួយគ្នានេះ អង្គការស៊ើបការណ៍សម្ងាត់របស់ IRGC កំពុងព្យាយាមកំណត់អត្តសញ្ញាណ និងស្វែងរក “ធាតុខាងក្នុង និងខាងក្រៅ” ផ្សេងទៀតនៃបណ្តាញនេះ ហើយថា ព័ត៌មានបន្ថែមនឹងត្រូវបានផ្តល់ជូននៅពេលក្រោយ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប៉ូលីសមកពីរដ្ឋធានីតេហេរ៉ង់ បានចាប់ខ្លួនមនុស្ស ៤នាក់នៅក្នុងទីលាន Enghelab របស់ទីក្រុង ជាអ្នកស្ថិតក្នុងចំណោមជនល្មើសសំខាន់ៗ និងជាមេដឹកនាំបង្កអស្ថិរភាព ដែលអំពាវនាវឱ្យមានកុបកម្មនៅក្នុងទីក្រុង៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា



