លោក បៃដិន ហៅទូរស័ព្ទទៅអភិបាលក្រុងញូវយ៉ក ក្រោយមនុស្សជាច្រើនស្លាប់ដោយសារព្យុះរដូវរងាដ៏អាក្រក់បំផុត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយទៅកាន់អភិបាលក្រុងញូវយ៉ក លោកស្រី ខាតធី ហូឆូល តាមប្រព័ន្ធទូរស័ព្ទក្នុងថ្ងៃចន្ទសប្តាហ៍នេះ អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបង្កឡើងពីព្យុះរដូវរងាជាប្រវត្តិសាស្ត្រ។
សេតវិមានបានឱ្យដឹងថា លោក បៃដិន បានផ្តល់គ្រប់មធ្យោបាយពេញលេញរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការគាំទ្រប្រជាជនទីក្រុងញូវយ៉ក ខណៈដែលរដ្ឋនៅតែបន្តដោះស្រាយជាមួយនឹងផលវិបាកនៃព្យុះនេះ។
ព្យុះព្រិល និងសីតុណ្ហភាពត្រជាក់បានឆក់យកជីវិតមនុស្សយ៉ាងតិច ២៧នាក់ក្នុងទីក្រុងញូវយ៉ក គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលអ្នកស្លាប់ជាង ៥០នាក់ត្រូវបានរាយការណ៍នៅទូទាំងសហរដ្ឋអាមេរិក។
ទន្ទឹមគ្នា លោកស្រី ហូឆូល បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter នៅរសៀលថ្ងៃចន្ទសប្តាហ៍នេះថា លោកស្រីខូចចិត្តជាខ្លាំងនឹងការបាត់បង់ជីវិតមនុស្សដោយសារព្យុះរដូវរងាដ៏អាក្រក់បំផុតនេះ។
បន្ថែមលើនេះ លោកស្រីអភិបាលក្រុងញូវយ៉កក៏បានព្រមានដែរថា កម្លាំងព្យុះកំពុងចុះខ្សោយ ប៉ុន្តែយើងមិនទាន់អាចចេញពីព្រៃបាននៅឡើយទេ ដូច្នេះកុំឆ្លៀតឱកាស… គួរតែបន្តស្នាក់នៅក្នុងផ្ទះ ផ្អាកការធ្វើដំណើរ ហើយរក្សាសុវត្ថិភាព ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា


