អ៊ុយក្រែនបង្ហើបពីបំណងរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពក្នុងរដូវរងានេះ

កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា បាននិយាយថា ទីក្រុងកៀវកំពុងពឹងផ្អែកលើការរៀបចំកិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន នៅចុងខែកុម្ភៈឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine នៅថ្ងៃចន្ទទី២៦ ខែធ្នូ ឆ្នាំ២០២២។

លោក គូលេបា បានបញ្ជាក់យ៉ាងដូច្នេះថា អង្គការសហប្រជាជាតិអាចជាវេទិកាដ៏ល្អបំផុតសម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ ហើយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស អាចជាអ្នកសម្រុះសម្រួលតាមដែលអាចធ្វើទៅបានសម្រាប់ការចរចាសន្តិភាព។

លោក គូលេបា បន្ថែមថា គាត់ជឿជាក់ថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពទេ ទោះបីជាគាត់បានចង្អុលបង្ហាញថា រាល់សង្គ្រាមអាចបញ្ចប់បាន គឺស្ថិតនៅលើសមរភូមិ និងតុចរចាប៉ុណ្ណោះ។

ថ្លែងពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅកាន់សហរដ្ឋអាមេរិក លោក គូលេបា បាននិយាយថា គាត់ពិតជា “ពេញចិត្ត” ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។

សូមរម្លឹកផងដែរថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានដាក់ចេញផែនការសន្តិភាពសម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនផងដែរ នៅឯកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែមុន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner