អាជ្ញាធរអ៊ីរ៉ង់រឹបអូសបានអាវុធខុសច្បាប់ ១,២៦១ដើម អំឡុងកុប្បកម្មក្នុងប្រទេសខ្លួន
តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា មន្ត្រីតុលាការជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា អាវុធខុសច្បាប់ចំនួន ១,២៦១ដើម ត្រូវបានរកឃើញ និងរឹបអូសនៅក្នុងខេត្តភាគពាយ័ព្យនៃទីក្រុង West Azarbaijan ក្នុងអំឡុងកើតមានកុប្បកម្មហិង្សានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលចាប់ផ្តើមកាលពីចុងខែកញ្ញាកន្លងទៅ។
អាវុធដែលរឹបអូសបានរួមមានកាំភ្លើង និងគ្រាប់បែកដៃចំនួន ៦២គ្រាប់ ព្រមទាំងគ្រឿងផ្ទុះទម្ងន់ ៥៤គីឡូក្រាម ដូចជារំសេវ TNT និង C-4។ នេះបើតាមប្រធានចៅក្រមនៅភាគខាងលិចក្រុង Azerbaijan លោក Nasser Atabati បាននិយាយនៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងដើម្បីពិភាក្សាលើករណី “កុប្បកម្ម” នាពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Atabati បន្ថែមថា អាវុធខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានបង្ហាញថា សត្រូវកំពុងគំរាមកំហែងដល់សន្តិសុខរបស់អ៊ីរ៉ង់ ក៏ដូចជាបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ក្នុងអំឡុងកុប្បកម្មដ៏ហិង្សានាពេលថ្មីៗនេះ។
គួរបញ្ជាក់ថា កុប្បកម្មហិង្សាបន្ទាប់ពីការស្លាប់របស់នាង ម៉ាស់សា អាមីនី អាយុ២២ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញា បានក្លាយទៅជាបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតមួយ ចំពោះការដឹកនាំរបស់មេដឹកនាំអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩។
ទន្ទឹមគ្នា អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀតថា បាន “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ” នៅក្នុងប្រទេសខ្លួន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា


