សម្ដេចតេជោ ហ៊ុន សែន ចូលរួមឧបត្ថម្ភនូវថវិកា ចំនួន ១០លានរៀល ដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំដែល ប្រឡងបាក់ឌុបធ្លាក់
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលើផេកផ្ទាល់របស់សម្ដេច ដោយបានចូលរួមឧបត្ថម្ភនូវថវិកា ចំនួន១០លានរៀល ដល់ប្អូនស្រីហែម ស៊ីណាត អាយុ៥៦ឆ្នាំដែល ប្រឡងបាក់ឌុបធ្លាក់ ។
សម្ដេចតេជោ ហ៊ុន សែន បានសសេរបង្ហោះនៅលើផេកយ៉ាងដូច្នេះថា « ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជិវិត ខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ដែលបានចូលប្រឡងបាក់ឌុបហើយធ្លាក់នូវថវិកា ចំនួន ១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នាំ២០២៣ ខាងមុខ »។
សូមបញ្ជាក់ថា លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២។ ទោះជាមិនបានជាប់ក្នុងការប្រឡងបាក់ឌុប ប៉ុន្តែលោកស្រីមិនអស់សង្ឃឹមនោះទេ ដោយប្តេជ្ញាបន្តប្រឡងជាថ្មីនៅឆ្នាំក្រោយទៀត ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀន។
ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់ ៕ ដោយ សេឌី – វណ្ណលុក

