អ្នកជំនាញអះអាងថា ការបន្តបណ្តុះបណ្តាលជំនាញ ក្នុងវិស័យទេចរណ៍ នៅតែចាំបាច់សម្រាប់កម្ពុជា
ភ្នំពេញ៖ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន ស្វាគមន៍ចំពោះផែនការ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍របស់ក្រសួងទេសចរណ៍ក្នុងការលើកម្ពស់ធនធានមនុស្សនៅក្នុងវិស័យនេះដើម្បីផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ក្នុងការស្វាគមន័ការត្រឡប់មកវិញនៃភ្ញៀវទេចរអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកអស់រយៈ ពេល ជាងពីរឆ្នាំមកនេះដោយសារតែផលប៉ះពាល់ពីការអូសបន្លាយពេលនៃជំងឺកូវីដ១៩។
ការលើកឡើងរបស់លោក ធួន ស៊ីណាន គឺជាការឆ្លើយតបទៅ នឹងការបើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍របស់ក្រសួងទេចរណ៍នៅតាមបណ្តាខេត្តនានាសំដៅស្តារឡើងវិញនូវធនធានមនុស្សក្នុងវិស័យនេះ ដែលបានទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យអ្នកបម្រើការនៅក្នុងវិស័យនេះបានបាត់ បង់ការងារ និងងាកទៅប្រកបរបរផ្សេង។
លោកបានថ្លែងថា៖ «ខ្ញុំគាំទ្រចំពោះការផ្តល់វគ្គបណ្តុះ បណ្តាល ជំនាញសម្រាប់វិស័យទេចរណ៍របស់យើង ដោយសារតែយើង សង្កេតឃើញថា ធនធានមនុស្សនៅក្នុងវិស័យនេះត្រូវបានធ្លាក់ ចុះដោយសារតែបងប្អូនយើងដែលធ្លាប់បម្រើការបានងាកទៅប្រកបរបរផ្សេងដើម្បីរកចំណូលដោះស្រាយជីវភាពគ្រួសាររបស់ពួកគាត់ដែលបានរងផលប៉ះពាល់ពីកូវីដ១៩»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជារូបនេះបានបន្តថា៖«ខ្ញុំជឿជាក់ថាយើងពិតជាមានតម្រូវការធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដើម្បីផ្តល់សេវានិងបម្រើនៅក្នុងវិស័យនេះដែលកំពុងមានភាពប្រសើរឡើងវិញ»។
ឯកឧត្តម ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍នៅខេត្តកំពតកាលពីថ្ងៃទី២៦ ខែធ្នូ ថា ប្រទេសកម្ពុជា ក្រោមនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បាន ឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និង ទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញកាលពីដើមខែវិច្ឆិកាឆ្នាំ២០២១រហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេសដែលអាចបើកសកម្មភាពសេដ្ឋកិច្ច សង្គមលឿនជាងគេ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ការទស្សនាទេសចរណ៍ផងដែរ។
ឯកឧត្តមបានថ្លែងបន្តទៀតថា ៖ «ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅ តាមគោលដៅទេសចរណ៍។ ជាមួយនឹងការងើបឡើង វិញនៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរ ទាំងទេសចរ អន្តរជាតិ និងទេសចរក្នុងស្រុក»។ ការពង្រឹងគុណភាព សេវាកម្ម ទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បី មានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់នៅក្នុងការផ្តល់ សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញ ចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកំសាន្តនៅតាមគោលដៅ ទេសចរណ៍។
ឯកឧត្តម ជា សែ បានបញ្ជាក់ថា ៖ «ក្រសួងបាននិងកំពុងយក ចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណនិងគុណភាព ដើម្បីជួយដល់អ្នកបម្រើការងារក្នុងវិស័យ ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែល មានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជា អ្នក ជំនាញនៅក្នុងវិស័យទេសចរណ៍ អាចធ្វើការពង្រឹង សមត្ថភាព ទាំងជំនាញចាស់ និងជំនាញថ្មីបន្ថែមបានគ្រប់ពេលវេលា គ្រប់ ទីកន្លែង និងអាចពង្រឹងសមត្ថភាពជំនាញពេញ មួយជីវិត »។
បើយោងតាមក្រសួងទេសចរណ៍ គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ ខែធ្នូ ឆ្នាំ២០២២ នេះ សិក្ខាកាម សរុប ដែល សិក្សាតាមថ្នាក់នៅក្នុងប្រព័ន្ធនេះ មានប្រមាណ ៦៩ ៥៩៥ នាក់៕
ដោយ៖យុទ្ធ វីរៈ