សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ សមិទ្ធផល និងជោគជ័យ គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា សមិទ្ធផល និងជោគជ័យ គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជនកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានបម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដែលពិធីនេះប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងដោយក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូននិវត្តន៍ជនទាំងអស់ ដែលបានពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាំងពីដើមរហូតមក ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍បន្តថា សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើមរហូតដល់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាយើងទាំងអស់ ដែលបាននិងកំពុងជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យកាកបាទក្រហមកម្ពុជា មានឈ្មោះល្បីរន្ទឺ ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ៕ ដោយ គ្រី សម្បត្តិ – វណ្ណលុក


