អ.ស.ប ៖ មនុស្សប្រមាណ ១០០លាននាក់បង្ខំចិត្តភៀសខ្លួនទូទាំងពិភពលោក
អ.ស.ប ៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា មនុស្ស ១០០លាននាក់នៅទូទាំងពិភពលោកបានបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេក្នុងឆ្នាំ២០២២ ខណៈដែលអង្គការសហប្រជាជាតិកំពុងបន្តជួយអ្នកដែលត្រូវការជំនួយជាច្រើនវិធី។
ជាមួយគ្នានេះ ប្រធានទីភ្នាក់ងារ UNHCR លោក Filippo Grandi បានពណ៌នាតួលេខនេះថា ជា “កំណត់ត្រាដែលមិនគួរត្រូវបានកំណត់ទាល់តែសោះ”។ ចំនួននេះគឺកើនឡើងពីប្រហែល ៩០លាននាក់ បើធៀបនឹងឆ្នាំ២០២១។ ការផ្ទុះឡើងនៃអំពើហិង្សា ឬជម្លោះអូសបន្លាយ គឺជាកត្តាចំណាកស្រុកនៅក្នុងផ្នែកជាច្រើននៃពិភពលោក រួមទាំងអ៊ុយក្រែន អេត្យូពី ប៊ូគីណាហ្វាសូ ស៊ីរី និងមីយ៉ាន់ម៉ាជាដើម។
ទន្ទឹមគ្នា សារព័ត៌មានអង្គការសហប្រជាជាតិបានព្រមានថា ជនចំណាកស្រុករាប់ពាន់នាក់ បានមើលឃើញអឺរ៉ុបជាគោលដៅដែលគេពេញចិត្ត ដោយដាក់ជីវិតរបស់ពួកគេនៅក្នុងកណ្តាប់ដៃអ្នកជួញដូរមនុស្ស និងចាប់ផ្តើមធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។
បើតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) រដ្ឋាភិបាលជុំវិញពិភពលោកបានសន្យាផ្តល់ប្រាក់ចំនួន ១.១៣ពាន់លានដុល្លារ ដែលជាតួលេខក្នុងកំណត់ត្រាមួយ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនដែលភៀសខ្លួន ដោយសារតែសង្រ្គាម អំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស៕





ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា