រដ្ឋមន្ត្រីក្រសួងផែនការ បញ្ជាក់ថា ការរៀបចំការវាយតម្លៃ ក៏ដូចជាការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត គឺពឹងផ្អែកជាសំខាន់លើព័ត៌មាន និងទិន្នន័យ
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន គូសបញ្ជាក់ថា ការរៀបចំការវាយតម្លៃ ក៏ដូចជាការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត គឺពឹងផ្អែកជាសំខាន់លើព័ត៌មាន និងទិន្នន័យ ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាណែនាំពីការរៀបចំធាតុចូល សម្រាប់ការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០២៣ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍បន្ថែមថា ការងាររៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត គឺជាការងារមួយដ៏សំខាន់ ដើម្បីបង្ហាញដល់មតិជាតិនិងអន្តរជាតិបានឃើញ ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តឱ្យបានសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងរួមចំណែកធ្វើឱ្យសម្រេចបានរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ដើម្បីឱ្យរបាយការណ៍ត្រួតពិនិត្យនេះមានគុណភាពខ្ពស់ និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជាតិនិងអន្តរជាតិ ការពិភាក្សា ពិគ្រោះយោបល់ដើម្បីប្រមូលព័ត៌មាននិង ទិន្នន័យ និងការពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាង ត្រូវតែពង្រីកឱ្យបានទូលំទូលាយ ទាំងជាមួយក្រសួងស្ថាប័ន និងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ និងទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។
ក្រសួងផែនការ ជាស្ថាប័ន របស់រាជរដ្ឋាភិបាល ទទួលបន្ទុករៀបចំការធ្វើអង្កេត និងជំរឿន ដើម្បីប្រមូលទិន្នន័យគាំទ្រដល់ការរៀបចំគោលនយោបាយ និងផែនការ និងគាំទ្រដល់ដំណើរការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ៕ ដោយ / គ្រី សម្បត្តិ

