ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ ៖ ដើម្បីឱ្យការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធ

ខេត្តកណ្ដាល ៖ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកណ្ដាល មានប្រសាសន៍ថា ការបញ្ជ្រាបយេនឌ័រលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ វាមិនមែនងាយស្រួលពេកនោះទេពីព្រោះថានេះជាការងារថ្មីមួយដែលមិនទាន់បានផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅឡើយនោះទេ។ ដូច្នេះ ដើម្បីឱ្យការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល អង្គការដៃគូ វិស័យឯកជន ភាគីពាក់ព័ន្ធនានាផងដែរ។

លោកជំទាវ នួន នារតី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញបិទកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។

លោកជំទាវ នួន នារតី បន្តថា កម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន មានគោលបំណងពង្រឹងភាពជាអ្នកដឹកនាំ និងភាពក្លាហានរបស់ស្រ្តីក្នុងការចូលរួម និងការសម្រេចចិត្តនានា ក៏ដូចជាការផ្លាស់ប្ដូរជាវិជ្ជមាននៃឥរិយាបទរបស់ស្រ្តី និងបុរស នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដោយជំរុញឱ្យប្រតិបត្តិនូវអនាម័យល្អ ៣ប្រការ ១-លាងដៃនឹងសាប៊ូនៅពេលចាំបាច់ ,២-សាងសង់ និងប្រើប្រាស់បង្គន់ ,៣-ហូបទឹកមានសុវត្ថិភាព ដើម្បីលើកកម្ពស់អនាម័យស្អាត បរិស្ថានល្អ សុខភាព ជីវភាព ក្រុមគ្រួសារ ក៏ដូចសង្គមជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner