ក្រុមសិទ្ធិមនុស្ស៖ បាតុករអ៊ីរ៉ង់យ៉ាងហោចណាស់ ១០០ នាក់ ប្រឈមការកាត់ទោសប្រហារជីវិត
អ៊ីរ៉ង់៖អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាន នៅ ទីក្រុងអូស្លូ (ន័រវែស) បានអះអាងកាលពីថ្ងៃអង្គារទី ២៧ ខែ ធ្នូថា បាតុករអ៊ីរ៉ង់យ៉ាងហោចណាស់ ដែលត្រូវបានចាប់ខ្លួនក្នុង ការតវ៉ាទូទាំងប្រទេសតាំងពីពាក់កណ្ដាលខែកញ្ញា ប្រឈមមុខ នឹងការកាត់ទោសប្រហារជីវិត។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានកាត់ទោស ប្រហារ ជីវិតបុរសពីរនាក់នៅដើមខែនេះ ពាក់ព័ន្ធនឹងបាតុកម្មដែល ផ្ទុះឡើងក្រោយការស្លាប់របស់នាង Mahsa Amini វ័យ ២២ ឆ្នាំ បន្ទាប់ពីប៉ូលីសសីលធម៌ចាប់ខ្លួនពីបទពាក់ហ៊ីចាប មិនសមរម្យ។ ការកាត់ទោសប្រហារជីវិតបែបនេះ ការចាប់ ឃុំខ្លួន ត្រូវបានសកម្មជនអ៊ីរ៉ង់ ចោទប្រកាន់ថាជាការបន្លាច បាតុករ ជាសាធារណៈពីរដ្ឋាភិបាលរបស់ខ្លួន។
ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ IHR បានកំណត់ អ្នកជាប់ឃុំចំនួន ១០០ នាក់ ដែលប្រឈមមុខនឹងការដាក់ ទោសទណ្ឌខ្លាំង រួមទាំងបាតុករ ១១ នាក់ ដែលរងការកាត់ ទោស ប្រហារជីវិតរួចពីតុលាការអ៊ីរ៉ង់។ ក្នុងចំណោមអ្នកជាប់ឃុំ មានប្រាំនាក់គឺជាស្រ្តី។
មិនត្រឹមប៉ុណ្ណេះ IHR ក៏បានគូសបញ្ជាក់ផងដែរថា បាតុករ ជាប់ឃុំភាគច្រើនមិនត្រូវបានអនុញ្ញាតឱ្យមានអ្នកតំណាងផ្នែកច្បាប់ជួយពួកគេ។
នាយក IHR លោក Mahmood Amiry-Moghaddam បានថ្លែងថា៖ «តាមរយៈការចេញការកាត់ទោសប្រហារជីវិត និងប្រហារជីវិតបាតុករមួយចំនួន ពួកគេ (អាជ្ញាធរ) ចង់ធ្វើឱ្យមនុស្សត្រឡប់ទៅផ្ទះវិញ»។ យ៉ាងណាមិញ លោក Mahmood បានបន្តថា៖ «យុទ្ធសាស្រ្តរបស់អាជ្ញាធរក្នុងការ បន្លាចបាតុករតាមរយៈការប្រហារជីវិតបានបរាជ័យ»។
ចំនួនបាតុករដែលត្រូវបានសម្លាប់ បានកើនឡើងដល់ ៤៧៦ នាក់។ នេះបើតាមទិន្នន័យ IHR ចេញផ្សាយនៅថ្ងៃអង្គារជាមួយ របាយការណ៍។
តួលេខនេះមានការខុសគ្នាខ្លាំងទៅនឹងទិន្នន័យរបស់ស្ថាប័នសន្តិសុខកំពូលអ៊ីរ៉ង់ ដែលបានឱ្យដឹងតាំងពីដើមខែធ្នូ ថាមនុស្ស ប្រមាណជាង ២០០ ត្រូវបានសម្លាប់ រួមទាំងមន្រ្តីសន្តិសុខ។
ក្រុមបាតុករដែលបានប្រមូលផ្តុំគ្នាក្រោមពាក្យស្លោក «ស្ត្រី ជីវិត សេរីភាព» បាននិយាយថា ពួកគេធុញទ្រាន់នឹងការគាប សង្កត់ សង្គម និងនយោបាយជាច្រើនទសវត្សរ៍ដោយរដ្ឋាភិបាល អ៊ិស្លាមអ៊ីរ៉ង់។ យ៉ាងណាមិញ រដ្ឋាភិបាល និងអាជ្ញាធរអ៊ីរ៉ង់ ដែលរង ការ ថ្កោលទោសពីសហគមន៍អន្តរជាតិ បានបន្ទោស ភាពចលាចលនេះលើសត្រូវបរទេសដូចជាអាមេរិក និងអ៊ីស្រាអែល ជាដើម។
អង្គការសិទ្ធិមនុស្សក្នុងស្រុកបានអះអាងថា មកទល់ពេលនេះ មនុស្សជាង ១៨ ៥០០ នាក់ត្រូវបានចាប់ខ្លួន៕ ដោយ៖ ហួន ឌីណា