រដ្ឋបាលជលផលជូនដំណឹងដល់ពលរដ្ឋទៅធ្វើប្រហុកចាប់ពីថ្ងៃទី២៩ ខែធ្នូដល់ដើមខែមករា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលតែងតែ និយម ធ្វើត្រីប្រហុក ឬផ្អក អាចរួសរាន់ធ្វើចាប់ពីថ្ងៃទី ២៩ ខែធ្នូនេះ តទៅ ស្របពេលដែលការប្រមូលផលនេសាទអំឡុងចុងខែនេះ និងដើមខែមករា ទទួលបានទិន្នផលច្រើន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលចុះថ្ងៃទី២៨ ខែធ្នូនេះ បានជម្រាបជូនសាធារណជនថា ក្នុងរដូវនេសាទឆ្នាំ ២០២២-២០២៣ រដូវធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី នឹងចាប់ផ្តើមសម្បូរច្រើនចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

សេចក្តីជូនដំណឹងបានឱ្យដឹងថា ៖« តាមការសង្កេតត្រីចាប់ ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹងស្ទឹង និងព្រែកនានា ចូលទន្លេសាបទន្លេមេគង្គ និងទន្លេបាសាក់ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយ ត្រី តាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល និង រាជធានីភ្នំពេញ ចាប់ពីថ្ងៃ ៧កើតដល់ថ្ងៃ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អគ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង»។

ជាមួយគ្នានេះ រដ្ឋបាលជលផល ក៏បានណែនាំដល់ប្រជា ពលរដ្ឋ ដែលនិយមធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ទុកជា ស្បៀងបម្រុងសម្រាប់បរិភោគប្រចាំឆ្នាំជាលក្ខណៈគ្រួសារ ឬធ្វើលក់ ប្រញាប់រួសរាន់ទៅធ្វើប្រហុកផ្អកនៅក្នុងចន្លោះ ថ្ងៃដែលបានប្រកាសខាងលើនេះ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលលោក ហេង សុភារិទ្ធ បានប្រាប់ថា សម្រាប់ត្រីឆ្នាំនេះមានលក្ខណៈល្អប្រសើរមាន ការកើនឡើងបើប្រៀបទៅនឹងរដូវធ្វើប្រហុកឆ្នាំមុន។

លោកថ្លែងថា៖«កាលពីខ្នើតមុននេះ អាកាសធាតុមិនសូវល្អ មានភ្លៀងធ្លាក់ទើបត្រីមិនសូវសម្បូរ ប៉ុន្តែតាមការសង្កេត ខ្នើតក្រោយពោលពីស្អែកនេះទៅ ត្រីនឹងសម្បូរវិញដោយ សារមេឃស្រឡះ ហើយត្រីឆ្នាំនេះល្អប្រសើរជាងឆ្នាំកន្លង ទៅជាពិសេសត្រីសម្បូររនៅស្រុកពញាឮ»។

លោកបញ្ជាក់ទៀតថា មូលហេតុដែលធ្វើមានត្រីសម្បូរនេះ ក៏គួបផ្សំនឹងវិធានការរបស់រដ្ឋបាលជលផលខេត្តកណ្តាលកន្លងមកដែលបានសហការជាមួយអាជ្ញាធរស្រុកពញាឮ ចុះធ្វើការ បង្ក្រាបបទល្មើសនេសាទជាក់ស្តែង តាមដងទន្លេសាប ដូចជា ឧបករណ៍ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង ដែលមក ធ្វើការ នេសាទក្នុងដែននេសាទ ទាំងនៅតាមដងទន្លេ បឹង ព្រែក ស្ទឹង និងអូរ ព្រោះថា ឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរទាំងត្រីមេពូជ និងកូនត្រីតូចៗ ដែលជាដើមហេតុ ធ្វើត្រីផុតពូជ។

លោកបន្តថា៖«យើងនឹងបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្រ្កាបបទល្មើស ជលផលក្នុង ភូមិសាស្រ្ត ខេត្តកណ្ដាល ពិសេសចាត់វិធានការទៅលើឡូត៍ ដាយត្រីខុសច្បាប់ទាំងអស់ ដើម្បីជួយការពារធនធានមច្ឆា ជាតិរបស់យើងមានការកើនឡើង»។

អ្នកស្រី សុខ ធីតា អាយុ ៤០ ឆ្នាំ ពលរដ្ឋរស់នៅក្នុងខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ដែលតែងតែធ្វើប្រហុកទុកជាម្ហូប លក្ខណៈគ្រួសារ បាននិយាយថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ បន្ទាប់ពីទទួលបានព័ត៌មាននេះគាត់នឹងទៅទិញត្រីសម្រាប់ធ្វើប្រហុក។ ប៉ុន្តែសម្រាប់តម្លៃវិញខ្ញុំមិនទាន់ដឹងនៅឡើយទេ។
អ្នកស្រីថា «ជារៀងរាល់ឆ្នាំខ្ញុំធ្វើប្រហុកពី ៣០ទៅ ៥០គីឡូ ប៉ុណ្ណោះ សម្រាប់ទុកហូបក្នុងគ្រួសារ ហើយពេលខ្លះនៅ ពេលអ្នកភូមិគាត់ចង់ទិញក៏លក់ខ្លះទៅ តែមិនចំណេញ ច្រើនទេព្រោះខ្ញុំទិញមកពេលខ្លះត្រីធ្វើប្រហុកតម្លៃពី ២ ០០០រៀលទៅ ៤ ០០០រៀល ក្នុងមួយគីឡូ ។ប៉ុន្តែឆ្នាំនេះ មិនទាន់ដឹងថាគេលក់តម្លៃប៉ុន្មានដែរ»។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលជលផល បានស្នើដល់អាជ្ញាធរ មូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ បង្កលក្ខណៈងាយស្រួលជូន ដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹក ជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរ៕ ដោយ៖ ឡាយ សាមាន

ads banner