ហ្វីលីពីន៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បានកើន ឡើង ដល់ ២៥ នាក់ ខណៈ ២៦ នាក់បាត់ខ្លួន

ម៉ានីល៖ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយជាតិហ្វីលីពីន បានឱ្យដឹងនៅថ្ងៃពុធទី ២៨ ខែធ្នូនេះថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និង ទឹកជំនន់ ដែលបានវាយប្រហារផ្នែកខ្លះនៃប្រទេសកាល ពីចុងសប្តាហ៍ បានកើនឡើងដល់ ២៥ នាក់ ខណៈ ២៦ នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។

ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយជាតិនេះ បានឱ្យដឹង ផងដែរថា មនុស្សជិត ៤០០ ០០០ នាក់ បានរងផល ប៉ះពាល់ដោយជាង ៨១ ០០០ នាក់កំពុងស្ថិតនៅជម្រក សុវត្ថិភាពនៅឡើយ ហើយ ៩ នាក់ផ្សេងទៀតបានរងរបួស។ ទីភ្នាក់ងារបន្ថែមថា មនុស្ស ១៦ នាក់ក្នុងចំណោម ២៥ នាក់ ដែលស្លាប់ ត្រូវបានរាយការណ៍នៅភាគខាងត្បូងនៅតំបន់ Mindanao ខាងជើង ខណៈ ១២ នាក់ក្នុងចំណោមមនុស្ស ២៦ ដែលបានបាត់ខ្លួន ត្រូវបានរាយការណ៍នៅភាគ ខាងកើត នៃតំបន់ Bicol។

ទន្ទឹមគ្នានេះដែរការិយាល័យអាកាសធាតុរដ្ឋ PAGASA បានប្រកាសនៅថ្ងៃពុធផងដែរថា ភ្លៀងធ្លាក់នឹងបន្ត នៅភាគខាងកើត កណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ដោយសារតែតំបន់ទាំងនេះស្ថិតនៅចំតំបន់ដែលខ្យល់ក្ដៅ និងខ្យល់ត្រជាក់ប៉ះគ្នា (shear line)។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យ ចំថ្ងៃ ប្រជាជន ហ្វីលីពីនប្រារព្ធពិធីបុណ្យណូអែល បានបង្ក ឱ្យខេត្តជាច្រើន រងផលប៉ះពាល់។

ក្រុមប្រឹក្សាគ្រប់គ្រងគ្រោះមហន្តរាយបាន ឱ្យដឹងថា ផ្ទះចំនួន ១ ១៩៦ ខ្នង បានរងការខូចខាតដោយសារទឹកជំនន់ ខណៈ កំណាត់ផ្លូវចំនួន ១២៣ និងស្ពានចំនួន ១២ ត្រូវបានរង ផលប៉ះពាល់ ស្របពេលដែលតំបន់ខ្លះនៅបន្តដាច់ភ្លើង និងទឹកប្រើប្រាស់។

ខណៈឥទ្ធិពលនៃ shear line បានចុះខ្សោយ សម្ពាធ ទាបថ្មីអាចនាំមកនូវភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់លើតំបន់ដែលរងផលប៉ះពាល់ដោយ សារ ទឹកជំនន់កាលពីចុងសប្តាហ៍។

ការិយាល័យអាកាសធាតុបាននិយាយនៅថ្ងៃពុធនេះថា ទឹកជំនន់ និងការរអិលបាក់ដីទំនងជាកើតមាន ជាពិសេស នៅតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា ហ្វីលីពីនជាប្រទេសដែលងាយរងគ្រោះដោយ សារគ្រោះមហន្តរាយធម្មជាតិខ្លាំងបំផុតក្នុងពិភពលោក ដោយជារៀងរាល់ឆ្នាំ ប្រទេសនេះរងការបក់បោកដោយ ព្យុះទីហ្វុង និងខ្យល់ព្យុះផ្សេងទៀតប្រហែល ២០។ មិនត្រឹមតែប៉ុណ្ណេះ ប្រជុំកោះនេះក៏ស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើង តាមបណ្តោយគែមមហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែងបន្ទុះភ្នំភ្លើង និងការរញ្ជួយដីកើតមានជាញឹកញាប់៕ ដោយ៖ ហួន ឌីណា

ads banner