២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ២ពាន់នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន ១៥៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីម្សិលមិញ ។ អាស៊ាន បើទោះជាតួលេខឆ្លងថ្ងៃនេះ មានការកើនឡើងបន្តិចយ៉ាងណាក៏ដោយ ប៉ុន្តែតួលេខឆ្លងសរុបថ្ងៃនេះ មានចំនួនត្រឹមតែ ២ពាន់ ៣៨៣ករណីប៉ុណ្ណោះ ដែលជាតួលេខធ្លាក់ ចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។
ការឆ្លងថ្ងៃនេះនៅអាស៊ាន រួមមានប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាង ដែលមានចំនួន ៨០៣ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ៧ករណី ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន តែ៣៦នាក់នោះទេ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២១នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៤៩ម៉ឺន ៩ពាន់ ៨១៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៤ពាន់ ៦៩៨នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៦២លានករណី, និងការស្លាប់មានជាង ៦លាន ៦៨ម៉ឺន នាក់។