ប្រមុខការទូតអ៊ីរ៉ង់ព្រមានថា ឱកាសស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងបាត់បង់ជារៀងរហូត ប្រសិនបើលោកខាងលិចមិនខ្វាយខ្វល់

តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានក្នុងថ្ងៃពុធសប្តាហ៍នេះថា បង្អួចសម្រាប់ការសម្រេចបាននូវកិច្ចព្រមព្រៀង ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ នឹងមិននៅតែបើកចំហជារៀងរហូតនោះទេ។

លោក Amir-Abdollahian បានប្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA ក្នុងទីក្រុង Muscat ថា បង្អួចសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរគឺបើកចំហនៅថ្ងៃនេះ ប៉ុន្តែវានឹងបិទជារៀងរហូត ប្រសិនបើភាគីផ្សេងទៀត ជាពិសេសសហរដ្ឋអាមេរិកមិនបោះបង់ការលាក់ពុត ហើយលោកខាងលិចមិនធ្វើសកម្មភាពជាក់ស្តែងទេនោះ។

ប្រមុខការទូតអ៊ីរ៉ង់រូបនេះក៏បានព្រមានដែរថា ទីក្រុងតេហេរ៉ង់នឹងងាកទៅរកជម្រើសផ្សេងទៀត ប្រសិនបើលោកខាងលិចបន្តការលាក់ពុត និងការជ្រៀតជ្រែករបស់ខ្លួន។ នៅក្នុងវីដេអូដែលបានបែកធ្លាយកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ “ស្លាប់ហើយ” ប៉ុន្តែគាត់នឹងមិនប្រកាសវាជាសាធារណៈនោះទេ។ ជាមួយគ្នានេះ សេតវិមានមិនបានជំទាស់នឹងភាពត្រឹមត្រូវនៃវីដេអូនេះនោះទេ។

ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសខ្លួន។ រហូតមកទល់ពេលនេះ កិច្ចចរចាជាច្រើនត្រូវបានធ្វើឡើងរវាងអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ ប៉ុន្តែមិនមានលទ្ធផលជាក់ស្តែងណាមួយត្រូវបានសម្រេចនោះទេ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner