លោកស្រី សា រុំ គ្រួសារអតីតយុទ្ធជនពលីបានទទួលផ្ទះថ្មី ខ្នងផ្ទះលើកទី២៣៥ ពីសម្ដេចតេជោ ហ៊ុន សែន
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញប្រគល់ខ្នងផ្ទះទី២៣៥ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនលោកស្រី សា រុំ គ្រួសារអតីតយុទ្ធជនពលី ។
ខ្នងផ្ទះទី២៣៥ ត្រូវបានសាងសង់ឡើង ដោយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិខ្នាយទង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។
លោកស្រី សា រុំ អាយុ ៦៥ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក ៣នាក់ ជាភរិយាលោកពលបាលទោ ស៊ឹម នាង ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៥ អង្គភាពយោធាស្រុកស្ទោង ខេត្តកំពង់ធំ ពលីជីវិតនៅឆ្នាំ១៩៩០ នៅសមរភូមិឃុំពពក ក្នុងសមរភូមិ បច្ចុប្វន្នប្រកបមុខរបរធ្វើស្រែ គ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះស្នាក់នៅឲ្យបានសមរ្យ និងបានទទួលផ្ទះថ្មី ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភបន្ថែម ជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មានអង្ករ មី ទឹកត្រី ត្រីខ និងសម្ភារសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួន ។ ដោយឡែកប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីប្រគល់ផ្ទះថ្មីនេះចំនួន ៦៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ២០.០០០រៀលផងដែរ ៕
ដោយ ប៊ុន រដ្ឋា


