រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ៖ គោលដៅសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាគោលបំណងដ៏ធំរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ

ភ្នំពេញ ៖ ឯកឧត្ដម ជា សុផារ៉ា បានអនុញ្ញាតឱ្យ ឯកឧត្តម Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បួកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឡាវ ដែលបានមកបំពេញភារកិច្ចនៅកម្ពុជា ហើយសង្ឃឹមថា ដំណើរការនេះនឹងទទួលបានលទ្ធផលផ្លែផ្កានិងនាំមកនូវទំនាក់ទំនងល្អរវាងកម្ពុជា និងឡាវ កាន់តែល្អប្រសើរថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា គោលដៅសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាគឺធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយដែលជាគោលបំណងដ៏ធំរបស់ប្រជាពលរដ្ឋដែលធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគអាចស្វែងរកដៃគូសម្រាប់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងមកជាពិសេសការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង រថយន្តដឹកវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។

ឯកអគ្គរដ្ឋទូតឡាវ ក៏បានសន្យាក្នុងការរក្សាចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួតជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យដែលជាតម្រូវការចាំបាច់ក្នុងកិច្ចការអភិវឌ្ឍន៍នៅកម្ពុជា ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner