លោក ហ្សេលេនស្គី៖ អ៊ុយក្រែនបានជួយឱ្យលោកខាងលិចត្រឡប់មកធ្វើជាខ្លួនឯងវិញសាជាថ្មី
កៀវ៖ នៅក្នុងសុន្ទរកថាទៅកាន់សភាជាតិ ក្នុងថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសចាត់ទុកប្រទេសរបស់លោក ជា «មេដឹកនាំពិភពលោកមួយ» ហើយស្នើឱ្យសមាជិកសភាទាំងអស់បន្តរួបរួមគ្នា ដើម្បីតតាំងនឹងការឈ្លានពានរបស់រុស្ស៉ី និងបានកោតសរសើរប្រជាជនអ៊ុយក្រែន ដែលបានជួយឱ្យលោកខាងលិចត្រឡប់មកធ្វើជាខ្លួនឯងវិញសាជាថ្មី។
លោក ហ្សលេនស្គី នៅក្នុងសុន្ទរកថាប្រចាំឆ្នាំមួយដែលរៀបចំឡើងដោយបិទទ្វារដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានបញ្ជាក់ថា អ៊ុយក្រែនបានក្លាយជាមេដឹកនាំពិភពលោកមួយ ក្នុងចំណោមមេដឹកនាំពិភពលោកដទៃទៀត… ក្នុងរយៈពេលជាង១០ខែមកនេះ យើងបានជួយដល់មនុស្សគ្រប់គ្នា។
យើងបានជួយលោកខាងលិចឱ្យត្រឡប់មកធ្វើជាខ្លួនឯងវិញសាជាថ្មី ត្រឡប់មកកាន់ឆាកអន្តរជាតិ ហើយធ្វើឱ្យលោកខាងលិចជឿជាក់លើជ័យជម្នះ។ គ្មាននរណាម្នាក់នៅលោកខាងលិចភ័យខា្លច ហើយពួកគេក៏មិនភ័យខ្លាចរុស្ស៉ីនោះដែរ។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានអរគុណដល់សម្ព័ន្ធមិត្តលោកខាងលិច ដែលបានផ្ដល់អាវុធឱ្យអ៊ុយក្រែន ហើយថា អ៊ុយក្រែននឹងបង្កើតឧស្សហកម្មការពារជាតិមួយដ៏មានឥទ្ធិពលបំផុតក្នុងតំបន់អឺរ៉ុប និងនៅលើពិភពលោក។ លោកថា ការតស៊ូរបស់យោធាអ៊ុយក្រែនប្រឆាំងនឹងវិមានក្រឹមឡាំង បានផ្ដល់ថាមពលសាជាថ្មីដល់ភាពជឿជាក់លើគុណតម្លៃនៅទូទាំងពិភពលោក៕ ប្រភព៖ CNA ដោយ៖ ទីណា

