អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទស្មាតកាត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារដៃគូពាក់ព័ន្ធ បានធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណ អេធីអឹម (ATM) ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងផងដែរ ។

ក្នុងពិធិប្រកាសជាផ្លូវការនៃការផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា
ព្រឹត្តិការណ៍ថ្ងៃនេះបានសបញ្ជាក់ច្បាស់ថា យើងសម្រេចបាននូវពន្លកសា្នដៃមួយ ដែលយើងបានរួមគ្នា អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ឯកឧត្តម រដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការបោះពុម្ពអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ ក្រសួងមុខងារសាធារណៈនឹងដាក់ដំណើរឱ្យប្រើប្រាស់កម្មវិធីព័ត៌មានមន្ត្រីរាជការលើទូរស័ព្ទដៃ (Mobile App) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួន និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដោយខ្លួនឯងបានផងដែរ ជាមួយគ្នានោះក្រសួងនឹងបន្តសហការជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ លើកកម្ពស់កិច្ចការគាំពារមន្រ្តីរាជការ (សំណាញ់សុវត្តិភាព) ដើម្បីបម្រើជាប្រយោជន៍ជូនមន្រ្តីរាជការ ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពយូរអង្វែងរបស់សង្គមជាតិ។

ឯកឧត្តម យឿន សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ ស្ថិតិ និងគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា នៃក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានក្រសួង ស្ថាប័នចំនួន១៧ ដែលមានមន្ត្រីសរុបចំនួន ១.៨៥៩ បានផ្ញើទិន្នន័យ ដើម្បីស្នើសុំអត្តសញ្ញាណប័ណ្ណ ក្នុងនោះប័ណ្ណចំនួន ៤៩៧សន្លឹក សម្រាប់ក្រសួងចំនួន១១ ត្រូវបានបោះពុម្ភរួចដោយធនាគារដៃគូទាំង៣ ដែលត្រូវផ្ដល់ជូននៅថ្ងៃប្រកាសដាក់ឱ្យប្រើប្រាស់នេះ ។

សូមជម្រាបថា មន្ត្រីរាជការស៊ីវិលចំនួនជាង ២២ម៉ឺននាក់ នឹងត្រូវបោះពុម្ភអត្តសញ្ញាណប័ណ្ឌថ្មី ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីក្នុងការប្រើប្រាស់។ ក្រសួងមុខងា រសាធារណៈ កំពុងបង្កើនកិច្ចសហការជាមួយក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រមូលទិន្នន័យឲ្យបានឆាប់រហ័ស និងចាប់ផ្តើមបោះពុម្ភ ឲ្យបានចប់សព្វគ្រប់នៅឆ្នាំក្រោយនេះ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner