ប្រធានសហព័ន្ធកង់ផ្តល់អនុសាសន៍ ៥ចំនុច ដើម្បីបង្កើនបរិមាណ និងគុណភាព ត្រៀមស៊ីហ្គេម២០២៣
ភ្នំពេញ៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ដោយកីឡាករ កីឡាការិនីទាំងប្រភេទកង់គក់ និងកង់ភ្នំ បានបញ្ចេញសមត្ថភាពប្រកួតប្រជែងប្រកបដោយសក្តានុពលរយៈពេញមួយថ្ងៃ កាលពីម្សិលមិញ នៅខេត្តសៀមរាប។
តាមរបាយការណ៍ របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឲ្យដឹងថា ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិឆ្នាំនេះមានពីរប្រភេទកង់ដែលមានអត្តពលិកចូលរួមសរុប២៨៥នាក់ ក្នុងនោះប្រភេទកង់គក់មាន ៨០នាក់ និងកង់ភ្នំ២០៥នាក់។ លទ្ធផលការប្រកួតបានរកឃើញជ័យលាភីនៃវិញ្ញាសានីមួយៗហើយ។ វិញ្ញាសាកង់គួកបុរសឈុតធំ (Road Bike)៖ លេខ១ កីឡាករ ញ៉ុញ លេញ មកពីក្រុម Wheelers Cycling, វិញ្ញាសាកង់គួកបុរសថ្នាល (Man Junior Road Bike)៖ លេខ១ កីឡាករ តូ ពិសិដ្ឋ មកពីក្លឹបកងយោធពលខេមរភូមិន្ទ។
វិញ្ញាសាកង់គួកបុរសអាយុចាប់ពី៤០ឆ្នាំឡើង (Man Master Road Bike)៖ លេខ១ កីឡាករ រើក ម៉ាប់ មកពីក្រុមកង់រំពេ។ ចំពោះប្រភេទកង់ភ្នំ (Mountain Bike)៖ វិញ្ញាសាកង់ភ្នំបុរសឈុតធំ (Man Elite Mountain Bike)៖ លេខ១ កីឡាករ ឆាន ហ្វុង, វិញ្ញាសាកង់ភ្នំបុរសថ្នាល (Man Junior Mountain Bike)៖ លេខ១ កីឡាករ និត្យ សីហៈ មកពីក្រុម Electro Racing, វិញ្ញាសាកង់ភ្នំនារី (Women Mountain Bike)៖ លេខ១ កីឡាការិនី ខេន ម៉ាឡៃ មកពីក្រុម ECT, វិញ្ញាសាកង់ភ្នំបុរសអាយុចាប់ពី ៤០ឆ្នាំឡើង (Man Master Mountain Bike)៖ លេខ១ កីឡាករ Vasco Ramsperger មកពីក្រុម Kampot Cycling។
ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានមានប្រសាសន៍ថា ការប្រកួតកីឡាទោចក្រយានរយៈពេលមួយថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បញ្ចេញសមត្ថភាពដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសរបស់ខ្លួនដែលបានខំប្រឹងហ្វឹកហាត់កន្លងមក។ ជ័យលាភីនាពេលនេះបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ ការយកចិត្តទុកដាក់ តស៊ូព្យាយាម គោរពវិន័យបានល្អ និងគោរពបានតាមបទបញ្ជានៃការប្រកួត។
ឯកឧត្តមសង្កត់ធ្ងន់ថា នយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាព បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា មានឱកាសពេញលេញ ក្នុងការខិតខំកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ពង្រឹង និងពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេរភាគី ពហុភាគី ក្នុងតំបន់ និងសកលលោក និងការធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលរហូតមកដល់ពេលនេះ មានការគាំទ្រ ទទួលស្គាល់ ពីអន្តរជាតិថា ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍខ្លាំង ប្រកបដោយថាមវន្ត ទាំងក្នុងទិដ្ឋភាពនយោបាយ និងសង្គម។ ដើម្បីឱ្យវិស័យកីឡាទោចក្រយាន នៅកម្ពុជា កាន់តែរីកចម្រើន ទាំងបរិមាណ និងគុណភាព សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ និងទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖
១- ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តាក្លិប-សមាគម កីឡាទោចក្រយាន រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន ឱ្យបានកាន់តែទូលំទូលាយ មានធនធានមនុស្ស និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ និងត្រូវជំរុញការចូលរួមប្រកួតពីថ្នាក់ភូមិភាគ និងថ្នាក់ជាតិឱ្យបានច្រើន ព្រោះកីឡាទោចក្រយានទាំង០២ប្រភេទនេះត្រូវបានរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ដាក់បញ្ជូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
២- ត្រូវពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការប្រកួតឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួត គ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។
៣-ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងថ្នាក់ជាតិ។
៤-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគមទូទាំងប្រទេស។
៥-ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន៕ ចាន់ វិចិត្រ



